អភិបាលខេត្តកំពង់ធំ លើកទឹកចិត្តដល់គូរស្រករថ្មី ចូលរួមដាំកូនឈើ មួយដើមក្នុងមួយគូរ
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកទឹកចិត្តឲ្យគូរស្រករថ្មី សូមចូលរួមដាំកូនឈើមួយដើមក្នុងមួយគូរ នៅសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍វល្លិ៍យាវខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងចំបក់ ឃុំវល្លិ៍យាវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានទីតាំងមិនស្ថិតនៅឆ្ងាយពីទីរួមខេត្ត និងទីប្រជុំជននោះទេ ដែលមានផ្ទៃដីសរុប ប្រមាណ ១៥ហិចតា។
ការថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីអបអរសាទរ ពិធីដាំកូនឈើនៅក្នុងសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ខេត្តកំពង់ធំ ដែលរៀបចំដោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តថា ក្រៅពីការដាំកូនឈើនៅសួនអនុស្សាវរីយិ៍អាពាហ៍ពិពាហ៍ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមគ្នាដាំដើមឈើឡើងវិញ នៅតាមលំនៅដ្ឋាន វត្តអារាម សាលារៀន សួន តាមដងផ្លូវសាធារណៈ ក៏ដូចជាតាមមន្ទីរអង្គភាព ជាដើម ដើម្បីលើកស្ទួយ ស្តារឡើងវិញ ឲ្យមានភាពល្អប្រសើរ៕