លោក Xi Jinping ជួបពិភាក្សាជាមួយលោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
កាលពីថ្ងៃទី ៣១ ខែតុលា លោកXi Jinpingអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។ ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណែនាំស្តីពី “ស្ថិរភាពយូរអង្វែង ឆ្ពោះទៅអនាគត សុខដុមរមនា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ” និងស្មារតីធ្វើជាអ្នកជិតខាងល្អ មិត្តល្អ សមមិត្តល្អ និងដៃគូល្អ ដើម្បីពង្រឹងចំណងមិត្តភាពប្រពៃណី បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ បង្កើនទំនុកចិត្តផ្នែកនយោបាយ និងគ្រប់គ្រងការខ្វែងគំនិតឱ្យបានសមរម្យ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាមក្នុងយុគសម័យថ្មីឱ្យឈានដល់កម្រិតថ្មី ។
លោក Xi Jinping បានបញ្ជាក់ថា ប្រទេសចិនបានតម្កល់អាស៊ានជាអាទិភាពក្នុងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងរបស់ចិន និងជាតំបន់សំខាន់ក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ។ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះឋានៈនិងតួនាទីរបស់វៀតណាមក្នុងអាស៊ាន ហើយរំពឹងទុកពីការរួមសហការជាមួយវៀតណាមដើម្បីពន្លឿនការកសាង “វិស័យធំទាំង៥ ” គឺសន្តិភាព ភាពស្ងប់សុខ វិបុលភាព ស្រស់ស្អាត និងមិត្តភាព ព្រមទាំងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់នៅអាស៊ីបូព៌ាផងដែរ។
ជាការឆ្លើយតប លោក Nguyen Phu Trong បានលើកឡើងថា សមាជបក្សកុម្មុយនីស្តវៀតណាមលើកទី ១៣ និងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ជាសញ្ញាបញ្ជាក់ថា ទំនាក់ទំនងវៀតណាម-ចិនបានឈានចូលដំណាក់កាលថ្មីដ៏សំខាន់ ។ ភាគីវៀតណាមរីករាយរួមសហការជាមួយភាគីចិន ដើម្បីជំរុញចំណងមេត្រីភាពនិងសុខដុមនីយកម្មនិងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនឱ្យឡើងដល់កម្រិតថ្មី ៕