ក្រសួងរ៉ែ រៀបចំសិក្ខាសាលា ស្តីពី “ការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពល នៅព្រះរាជាណាចក្រកម្ពុជា”
ភ្នំពេញ៖ ឯកឧត្តម ចាន់ សុខដាវ៉ាត រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នាថ្ងៃទី១ វិច្ឆិកា បានអញ្ចើញជាអធិបតី និងថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលា ស្ដីពី “ការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពល នៅព្រះរាជាណាចក្រកម្ពុជា”
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងនិងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី របៀបនៃការគ្រប់គ្រងប្រសិទ្ធភាពថាមពលសម្រាប់អគារ កម្មវិធីអ្នកគ្រប់គ្រងថាមពល និងការប្រើប្រាស់ឧបករណ៍វាស់វែង ដែលជាគោលការណ៍គ្រឹះសំខាន់ៗក្នុងការជំរុញការគ្រប់គ្រងនិងលើកកម្ពស់ប្រសិទ្ធភាពថាមពល។
សូមបញ្ជាក់ថា នៅក្នុងនិន្នាការពិភពលោកបច្ចុប្បន្ននេះ ការអភិវឌ្ឍវិស័យថាមពលនៅក្នុងប្រទេសនីមួយៗមិនត្រឹមតែដើម្បីបង្កើនសមត្ថភាពនៃការផ្គត់ផ្គង់ទប់ទល់ជាមួយនឹងកំណើនតម្រូវការថាមពល ដោយធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់ អាចទុកចិត្តបាន និងមានថ្លៃកាន់តែសមរម្យប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ប្រទេសនីមួយៗក៏ត្រូវពិចារណា គិតគូរធ្វើការអភិវឌ្ឍនិងប្រើប្រាស់ថាមពល តាមជម្រើសណា ដែលកាន់តែមានចីរភាពផងដែរ ។
ក្នុងនោះ ប្រសិទ្ធភាពថាមពលនឹងដើរតួនាទីក្នុងការចូលរួមសម្រេចគោលដៅរបស់វិស័យថាមពលកម្ពុជា ទាំងការផ្តល់ថាមពលឱ្យបានគ្រប់គ្រាន់ ប្រកបដោយសុវត្ថិភាព ស្ថិរភាព និងមានតម្លៃសមរម្យផង និងទាំងការអភិវឌ្ឍដោយចីរភាពផងដែរ។
បន្ថែមពីនេះទៅទៀត ការអនុវត្តប្រសិទ្ធភាពថាមពល នឹងចូលរួមចំណែកកែប្រែការប្រើប្រាស់ថាមពលនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជួយលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យរឹងមាំ រស់រវើក ប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព ៕