ក្រសួងការងារកម្ពុជា និងក្រសួងការងារ និងមុខរបរហ្វ៊ីលីពីន ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អលើវិស័យការងារ អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងសន្តិសុខសង្គម
ភ្នំពេញ៖ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូរបស់ក្រសួង ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបប្រជុំពិភាក្សាការងារ និងពិនិត្យលើកិច្ចព្រមព្រៀងអនុសារណៈយោគយល់គ្នាជាមួយ ឯកឧត្តម BITONIO អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងមុខរបរហ្វីលីពីន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Bienvenido E. Laguesmaរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរ ហ្វីលីពីនដើម្បីពិភាក្សាអំពីវឌ្ឍនភាពវិស័យការងារ វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងវិស័យសន្តិសុខសង្គម។
ជាលទ្ធផល ភាគីទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងរៀបចំបន្តសុពលភាពអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសន្តិសុខសង្គម ឱ្យកាន់តែល្អប្រសើរថែមទៀត៕