អភិបាលរងខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី សំណើសុំតបណ្តាញអគ្គិសនី ជូនពលរដ្ឋ ៧ភូមិ ចូលទៅលំនៅដា្ឋន និងដីចម្ការបន្លែ នៅស្រុកស្អាង
ភ្នំពេញ៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តមអភិបាលខេត្ត នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាស្តីពី សំណើសុំតបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋចំនួន៧ភូមិ ស្មើនិង ៣៨ខ្នងផ្ទះ និង១២៤១ក្បាលដី ចូលទៅលំនៅដា្ឋន និងដីចម្ការបន្លែ ស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាធរស្រុកស្អាង និងក្រុមការងារសេវាករអគ្គិសនី។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាល បានជំរុញដល់ក្រុមការងារតបណ្ដាញអគ្គីសនីត្រូវតបណ្ដាញអគ្គីសនីជូនប្រជាពលរដ្ឋឱ្យបានលឿន ទាំងការដាំបង្គោល និងការតខ្សែត្រូវធ្វើឱ្យរួចរាល់ ១០០ភាគរយ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។
ជាពិសេសឯកឧត្តម បានស្នើដល់ក្រុមការងារតបណ្ដាញអគ្គិសនី ត្រូវមានទំនាក់ទំនងគ្នាជាមួយប្រជាពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ ដើម្បីរង់ចាំដោះស្រាយនូវបញ្ហាផ្សេងៗដែលកើតឡើងជូនពួកគាត់បានទាន់ពេលវេលា ៕