ស្លាប់២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ នៅផ្លូវលេខជាតិលេខ៤
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់២នាក់ នៅផ្លូវលេខជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច។
កាលពីថ្ងៃទី០៥ ខែវិចិ្ឆកា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី នៅលើផ្លូវលេខជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ ត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តគ្រឿង ម៉ាកHYUNDAY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-7796 សណ្ដោងស៊ីមីរឺម៉ក ពាក់ស្លាកព្រះសីហនុ 4A-2949 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចខ្លួន)។
មុនកើតហេតុរថយន្ដ បើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1K-6707 បើកបរដោយឈ្មោះ គិត បុល ភេទប្រុស អាយុ២០ឆ្នាំ អ្នករួមដំណើរឈ្មោះ រ៉ាត់ ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច។
មូលហេតុគឺ ស្ថានភាពផ្លូវកំពុងតែជួសជុលនិងមានលក្ខណៈចង្អៀតរថយន្ដនិងម៉ូតូចូលគន្លងដូចគ្នា ម៉ូតូបើកបរបញ្ច្រាសទិសគ្នា។
តាមការបញ្ជាក់ពីសមត្ថកិច្ចក្រោយហេតុការណ៍ខាងលើ អ្នកបើកបរម៉ូតូស្លាប់ទាំងពីរួមជាមួយអ្នករួមដំណើរ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីសាសនានៅផ្ទះរៀងៗខ្លួន រីឯអ្នកបើកបររថយន្ដសមត្ថកិច្ចកំពុងតែបន្ដនីតិវិធីស្រាវជ្រាវស្វែងរកអ្នកទទួលខុសត្រូវមកដោះស្រាយតាមនីតិវិធី។
ចំពោះម៉ូតូនិងរថយន្ដ ជាវត្ថុតាងទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕