អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក ឃុំ ភូមិ និង សកម្មជនគណបក្សនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ ត្រូវបានបញ្ចប់រួចមក ការបោះឆ្នោតថ្នាក់ជាតិនឹងឈានមក ដល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះហើយ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក ឃុំ ភូមិ និង សកម្មជនគណបក្សនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានអ្នកចូលរួម ២.៣២២ នាក់។
បន្ទាប់ពីបានសាកសួរសុខទុក្ខដល់មន្ត្រី និង សកម្មជនគណបក្សរួចមក អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានលើកឡើងពីការរីកចំរើនគ្រប់វិស័យ ជាពិសេសផ្នែកសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលក៏ដូចជានៅតាមបណ្ដាលខេត្ត-ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ អ្នកឧកញ៉ា បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈការរីកចំរើនទាំងនេះ គឺស្ដែងចេញឱ្យឃើញពីការខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតែម្ដង។
ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវអំណោយជា អង្ករ និង ថវិកា មួយចំនួនដើម្បីចែកជូនដល់អ្នកចូលរួមចំនួន ២.៣២២ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០.០០០ រៀល និង អង្គភាពមួយចំនួនទៀតដូចជា គណបក្សស្រុកថវិកា ៦.០០០.០០០ រៀល គរបាលថវិកា ២.០០០.០០០ រៀល អាវុធហត្ថថវិកា ១.៥០០.០០០ រៀល ផ្នែកសឹករងថវិកា ១.០០០.០០០ រៀល គណបក្សឃុំទាំង ១៨ឃុំ ក្នុងមួយឃុំៗទទួលបានចំនួន ១.០០០.០០០ រៀល និងអង្ករ ១តោន កាកបាទក្រហមថវិកា ៤.០០០.០០០ រៀល និងអង្ករ ២តោន វិទ្យាល័យហ៊ុនសែនកំពង់កន្ទួតថវិកា ២.០០០.០០០ រៀល សាលាបឋមសិក្សាហ៊ុនសែនបាគូរថវិកា ១.០០០.០០០ រៀល និងចំណាយផ្សេងៗទៀតដែលសរុបជាទឹកប្រាក់អស់ប្រមាណជា ២៤០ លានរៀល។
អ្នកឧកញ៉ា បណ្ឌិត បានមានប្រសាសន៍ណែនាំឱ្យមន្ត្រី និង សកម្មជនគណបក្សស្រុក ឃុំ និង ភូមិ ទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេសទៀតនោះគឺជួយជំរុញ និង សម្រួលដើម្បីឱ្យពួកគាត់អញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា ជាពិសេសនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និង គាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕