មេទ័ពជើងគោក៖ កម្ពុជាធ្លាប់ទទួលរងនូវសង្គ្រាម និងជម្លោះបែកបាក់ក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំទើបទទួលសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា ប្រទេសកម្ពុជាធ្លាប់ទទួលរងនូវសង្គ្រាម និងជម្លោះបែកបាក់ក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំទើបទទួលសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ។
នៅក្នុងឳកាសអញ្ជើញបើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណើរការ និងសមិទ្ធផល) “ ចូលរួម ចែករំលែក ដើម្បីសន្តិភាព និងសុខដុមភាព”នៅថ្ងៃទី៧ ខែវិច្ឆិកា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា យើងទាំងអស់គ្នាស្រលាញ់សន្តិភាព ពិតណាស់សន្តិភាព មិនអាចទទួលបានដោយងាយៗនោះទេ ជាពិសេសក្នុងបរិបទនៃប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់ទទួលរងនូវសង្គ្រាម និងជម្លោះបែកបាក់ក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំមកហើយ”។
ឧត្តមសេនីយ៍ឯក បញ្ជាក់បន្ថែមថា លើសពីនេះ គេក៏អាចនិយាយបានថា នយោបាយឈ្នះ ឈ្នះ នៅកម្ពុជា មានអត្ថន័យយ៉ាងទូលំទូលាយ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល ដោយហេតុថា នយោបាយឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី រដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដែលជាកត្តាអំណោយផលដល់ការធានាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិលើគ្រប់វិស័យ៕