ចិនជំរុញឲ្យអង់គ្លេសគោរពគោលការណ៍ចិនតែមួយ
ប៉េកាំង៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះ បានជំរុញឱ្យចក្រភពអង់គ្លេស គោរពតាមគោលការណ៍ចិនតែមួយ និងបញ្ឈប់រាល់ទម្រង់នៃទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ តាមផែនការរបស់រដ្ឋមន្ត្រីអង់គ្លេស ដើម្បីធ្វើទស្សនកិច្ចកោះនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានអោយដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិនបានរំលឹកឡើងវិញនូវគោលជំហររបស់ខ្លួនចំពោះសំណួរតៃវ៉ាន់ក្នុងឱកាសជាច្រើនដង។
លោក Zhao បានបញ្ជាក់ថា មានចិនតែមួយនៅលើពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ដោយបន្ថែមថា ចិនប្រឆាំងដាច់ខាតរាល់ទម្រង់នៃទំនាក់ទំនងផ្លូវការរវាងតំបន់តៃវ៉ាន់ និងប្រទេសដែលមានទំនាក់ទំនងការទូតជាមួយចិន។
លោក Zhao បានកត់សម្គាល់ថា គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋានគ្រឹះនយោបាយនៃការអភិវឌ្ឍន៍ទំនាក់ទំនងការទូតរវាងចិន និងអង់គ្លេស។
អ្នកនាំពាក្យរូបនេះបានអោយដឹងថា “យើងជំរុញឱ្យចក្រភពអង់គ្លេសគោរពអធិបតេយ្យភាពរបស់ប្រទេសចិនដោយស្មោះស្ម័គ្រ ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ បញ្ឈប់ការមានទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ។
លោក Zhao បន្ថែមថា “អាជ្ញាធរតៃវ៉ាន់ក៏គួរតែប្រយ័ត្នដែរថា ការប៉ុនប៉ងណាមួយដើម្បីស្វែងរកឯករាជ្យដោយការឃុបឃិតជាមួយកងកម្លាំងខាងក្រៅ នឹងត្រូវបរាជ័យ” ។