សម្តេច ហេង សំរិន និងសមាជិកសមាជិការដ្ឋសភា អញ្ជើញចូលរួមទិវាបុណ្យឯករាជ្យជាតិ លើកទី៦៩
ភ្នំពេញ៖ ទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៩ បានរៀបចំប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក នៅបរិវេណវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឥស្សរជនជាន់ខ្ពស់ ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ យុវជន សិស្ស និស្សិត ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានា ប្រចំានៅកម្ពុជា បានចូលរួមអបអរសាទរទិវាឯករាជ្យជាតិយ៉ាងច្រើនកុះករ។
ក្នុងពិធីនេះ ព្រះករុណាជាអម្ចាស់ បានយាងប្រទានភ្លើងជ័យ ជានិមិត្តរូបនៃជ័យជំនះ សុខសន្តិភាព និងឯករាជ្យពេញបរិបូរណ៍របស់កម្ពុជា។
ថ្ងៃ៩វិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និងជាការឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីត ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ នៅក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕