ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានត្រៀមខ្លួនជាស្រេច ដើម្បីរួមចំណែកដោះស្រាយបញ្ហាក្នុងកិច្ចដំណើរការអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា [Masatsugu Asakawa] ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី [ADB] ក្នុងឱកាសដែលលោកមកចូលរួមកិច្ចប្រជុំកំពូល Indonesia Malaysia Thailand – Growth Triangle [IMT-GT] ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ នៅកម្ពុជា ចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២។
នាឱកាសនោះលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ក៏បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំជាមួយ ADB ក្នុងរយៈពេលជាង៣០ ឆ្នាំកន្លងមកនេះ ហើយលោកក៏បានត្រៀមខ្លួនដើម្បីឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អនេះ កាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតសម្រាប់រយៈពេលខាងមុខ នឹងបន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងកិច្ចដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ។
ADB បានសន្យាផ្តល់ហិរញ្ញប្បទានទឹកប្រាក់ ១០០ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់សម្រាប់ឆ្នាំ ២០១៩-២០៣០ ។។