កម្ពុជា.ថៃ ពន្លឿនបើកច្រកទ្វារអន្តរជាតិស្ទឹងបត់.បានណងអៀន ឱ្យបានឆាប់ និងឯកភាពកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ [JCR]
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដមប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឯកភាពគ្នាជំរុញឲ្យស្ថាប័ន ពាក់ព័ន្ធប្រទេសទាំង២ ពន្លឿនការបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការបើកដំណើរការ [ស្ពានមិត្តភាព] ឱ្យបានឆាប់ ដើម្បីសម្រួលដល់ការប្ដូរទំនិញនៃប្រទេសទាំង២។
ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដម ប្រាយុទ្ធ ច័ន្ទអូឆា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា [ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពប្រគល់ភារកិច្ច ដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីពន្លឿនការបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការបើកដំណើរការ (ស្ពានមិត្តភាព)ឱ្យបានឆាប់ ហើយនិងអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចបាន ក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ដើម្បីជំរុញការអភិវឌ្ឍតំបន់ព្រំដែន]។
ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-ច្រកណងអៀន រវាងស្រុកអារ័ញ្ញ ខេត្តស្រះកែវ ជាប់គ្នាច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។។