កម្ពុជា-ឡាវ ឯកភាពបន្តសហការគ្នា ដើម្បីរក្សាសាមគ្គីភាព និងមជ្ឈភាពអាស៊ាន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ បានឯកភាពគ្នាថា នឹងបន្តសហការគ្នា ដើម្បីរក្សាសាមគ្គីភាព និងមជ្ឈភាពអាស៊ាន ។
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបានជួបពិភាក្សាការងារ ជាមួយឯកឧត្តមប្រធានាធិបតីហ្វីលីពីនហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារ ជាបន្តទៀតជាមួយឯកឧត្តម ផាន់ខាំ វិផាវ៉ាន់ជាបន្តទៀត។
នៅក្នុងជំនួបនេះ សម្ដេចតេជោ និងឯកឧត្តម វិផាវ៉ាន់ បានពិភាក្សាគ្នាលើ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងលើបញ្ហាអាស៊ានផង ។
សម្ដេចតេជោ និងឯកឧត្តម វិផាវ៉ាន់ ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក ហើយបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ថាមពល និងការតភ្ជាប់ ដែលជាកត្តាជំរុញកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ៕