ឯកឧត្តម អុឹម ឈុនលឹម អញ្ជើញចូលរួមក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឭកទិវាបុណ្យឯករាជ្យជាតិលើកទី៦៩
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និង សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ នារសៀលថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានយាងនិងអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឭកទិវាបុណ្យឯករាជ្យជាតិលើកទី៦៩ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ៕