អគ្គលេខាធិការអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ កោតសរសើរ និងសាទរជូនសម្តេចតេជោ ដែលដឹកនាំកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស
ភ្នំពេញ៖ ឯកឧត្តម ចាំង មីង (Zhang Ming) អគ្គលេខាធិការនៃអង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ បានសម្តែងការកោតសរសើរ និងអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ យ៉ាងជោគជ័យ ។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឯកឧត្តម ចាំង មីង បានគោរពថ្លែងអំណរគុណជូន ចំពោះសម្តេចតេជោនាយកដ្ឋមន្ត្រី ដែលបានអញ្ជើញឯកឧត្តម ចូលរួមកិច្ចប្រជុំក្នុងរាជធានីភ្នំពេញ ។
ឯកឧត្តម ចាំង មីង បានមានប្រសាសន៍គោរព ជម្រាបជូនសម្តេចតេជោថា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ រីករាយចូលរួមកិច្ចសហប្រតិបត្តការណ៍ ជាមួយអាស៊ាន ហើយក៏ត្រៀមខ្លួនដើម្បី ចូលរួមជាមួយអាស៊ាន ប្រឈមជាមួយនឹងរាល់បញ្ហា ទាំងឡាយស្ថិតនៅចំពោះមុខ ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ចាំង មីង ដែលបានទទួលការ អញ្ជើញមកកម្ពុជាដើម្បីចូលរួមចែក រំលែកជាធាតុចូលក្នុងវេទិការកិច្ចសន្ទនាអាស៊ាន ជាសកលលើកទី២ ៕