លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការ UN៖ ស្ថានភាពមនុស្សធម៌នៅមីយ៉ាន់ម៉ា នៅតែគ្មានសង្ឃឹមអាចងើបរួច
ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) ដែលបានបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ បានលើកឡើងដោយថ្កោលទោសចំពោះបញ្ហាកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ដូចជាអំពើហិង្សា ការប្រើប្រាស់កម្លាំងមិនសមាមាត្រ ដែលលោកចាត់ទុកថា «ស្ថានភាពសិទ្ធមនុស្សនៅប្រទេសនេះ ពិតជាគួរឱ្យរន្ធត់» ។ នេះបើយោងតាមក្រសួងព័ត៌មាន ។
ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានឱ្យដឹងថា ស្ថានភាពនយោបាយ សន្តិសុខ សិទ្ធិមនុស្ស និងមនុស្សធម៌ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងធ្លាក់ចូលយ៉ាងជ្រៅទៅក្នុងគ្រោះមហន្តរាយ ។ នៅក្រោមច្បាប់អន្តរជាតិ ការវាយប្រហារមិនរើសមុខទៅលើជនស៊ីវិល អាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម ដូច្នេះលោកបានបន្តអំពាវនាវជាថ្មីទៅកាន់អជ្ញាធរ មីយ៉ាន់ម៉ា ដោយឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់ និងចាប់ផ្តើមដំណើរការរួមគ្នាជាថ្មី ដើម្បីត្រឡប់ទៅកាន់របបប្រជាធិបតេយ្យឡើងវិញ ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានសង្កត់បន្ថែមថា «ការធ្វើដូច្នេះគឺជាផ្លូវតែមួយគត់ ទៅកាន់សន្តិភាព និងសន្តិសុខ យូរអង្វែង» ។
ជាមួយគ្នានេះដែរ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ក៏បានបង្ហាញការស្វាគមន៍ និងឯកភាពទៅលើកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន និងជម្រុញប្រទេសជាសមាជិកអាស៊ានទាំងអស់ ស្វែងរកយុទ្ធសាស្ត្របង្រួបបង្រួម ក៏ដូចជាយកចិត្តទុកដាក់ផ្ដោតទៅលើគោលបំណង និងសេចក្ដីប្រាថ្នារបស់ពលរដ្ឋមីយ៉ាន់ម៉ា នៅក្នុងកាលៈទេសៈនេះ ដូចជាការគាំទ្រទៅលើការតស៊ូមតិ ការការពារ និងមានជំនួយជួយទៅដល់ជនភៀសខ្លួនពីប្រទេសមួយនេះ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស និយាយថា “ស្ថានភាពមនុស្សធម៌នៅមីយ៉ាន់ម៉ានៅតែគ្មានសង្ឃឹមអាចងើបរួច” លោកនិយាយដូច្នេះ គឺដោយសារកន្លងមកក៏ឃើញមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់អង្គការសហប្រជាជាតិជាមួយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូមនុស្សធម៌ផ្សេងទៀត៕