អគ្គលេខាធិការអង្គការសហប្រជាជាតិ. ស្ថានភាពជាក់ស្តែងគឺខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ
ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស [Antonio Guterres] លោកបានលើកឡើងថា ស្ថានភាពជាក់ស្តែងគឺខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ហើយយើងត្រូវតែមើលសិទ្ធិមនុស្សក្នុងទស្សនៈធំទូលំទូលាយ។
លោកថ្លែងក្នុងសន្និសីទសារព័ត៌មាននារាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយលោកបានចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន.អង្គការសហប្រជាជាតិ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានឆ្លើយតបទៅនឹងសំណួរអ្នកយកព័ត៌មានដែលពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្សអាស៊ាន។
លោកក៏បានគូសបញ្ជាក់ដូច្នេះថា [ស្ថានភាពជាក់ស្តែងគឺខុសគ្នាពីស្ថានភាពប្រទេសមួយទៅប្រទេសមួយ។ សិទ្ធិមនុស្ស គឺជាសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងពលរដ្ឋ។ ទាំងអស់គ្នាត្រូវមើលសិទ្ធិមនុស្សក្នុងន័យដ៏ទូលំទូលាយ]។
លោកក៏បានគូសបញ្ជាក់បន្ថែមថា អង្គការសហប្រជាជាតិមានកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយអាស៊ានស្តីពីសិទ្ធិមនុស្ស ហើយវានឹងមានពេលពីរអាទិត្យទៀត ក្នុងការជួបប្រជុំជាមួយគណៈកម្មាធិការអាស៊ានស្តីពីសិទ្ធិមនុស្ស។។