កម្ពុជាទទួលបានយុត្តិធម៌ភាពស្អាតស្អុំពីការចោទប្រកាន់ អំពីបញ្ហាមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម
ឯកឧត្ដម គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលោកបានថ្លែងថា កម្ពុជាគួរតែទទួលបានភាពយុត្តិធម៌ពីការចោទប្រកាន់ ពីបណ្តាប្រទេសមួយចំនួនលើបញ្ហាមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ខណៈដែលប្រទេសកម្ពុជាបានបង្ហាញភាពស្អាតស្អំ តម្លាភាព សច្ចភាពជូនទៅសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិមួយចំនួនរួចមកហើយនៅពេលកន្លងមក។
ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យ កិច្ចប្រជុំកំពូលអាស៊ាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា កម្ពុជាធ្លាប់បានផ្តល់ចម្លើយជាច្រើនរួច មកហើយ ទាក់ទងពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ជុំវិញការអភិវឌ្ឍនៅមូលដ្ឋានទ័ពរាម ខណៈអ្វីដែលបាន កើតឡើងនៅទីនោះ មិនមែនជារឿងដែលកម្ពុជាធ្វើក្នុងពេលថ្មីៗនោះទេ។
នៅជុំវិញបញ្ហាទាំងនេះ ប្រទេសកម្ពុជាមិនបានលាក់បាំង កងទ័ពចិននៅក្នុងមូលដ្ឋានទ័ពជើងទឹកសមុទ្ររាមនោះទេ ព្រោះប្រទេសកម្ពុជាបានអនុញ្ញាតឱ្យសេនាអនុព័ន្ធយោធា របស់សហរដ្ឋអាមេរិក និងតំណាងស្ថានទូតអូស្ត្រាលីចូលទៅពិនិត្យមើលនៅទីតាំងនោះរួចរាលមកហើយ។
ឯកឧត្តមអ្នកនាំពាក្សក៏បានបញ្ជាក់ថា រាល់ជំហានទាំងអស់នេះ មិនធ្លាប់មានទេ សម្រាប់ប្រទេសមួយចំនួនផ្សេងទៀត ពីព្រោះនេះគឺជាអធិបតេយ្យភាព ឯករាជ្យភាពនយោបាយរបស់ប្រទេសមួយ ប៉ុន្តែដើម្បីបង្ហាញអំពីភាព ស្មោះត្រង់ តម្លាភាពទៅកាន់មិត្តបរទេស ក៏ដូចជាដៃគូអន្តរជាតិនានា។ ដូច្នេះឯកឧត្តមក៏សង្ឃឹមថាដៃគូទាំងអស់ ជួយផ្ដល់យុត្តិធម៌ និងសច្ចភាពមកឱ្យប្រទេសកម្ពុជាវិញ។
ឯកឧត្តមក៏សង្ឃឹមថា ដៃគូជាតិនិងអន្តរជាតិ បន្ទាប់ពីបានពន្យល់នូវព័ត៌មាន ក៏ដូចជាការពន្យល់ជាច្រើនលើក ច្រើនសា អាចផ្តល់នូវការវាយតម្លៃមួយដោយយុត្តិធម៌ស្មោះត្រង់ ដែលបានឆ្លុះបញ្ចាំងអំពីការពិត ជាក់ស្ដែង នៅទីនោះតែម្ដង។ មិនតែប៉ុណ្ណោះប្រទេសកម្ពុជាតែងតែមានការរៀបចំពង្រឹងសមត្ថភាពកងទ័ព ដើម្បីពង្រឹងការពារសន្តិសុខ ការសង្គ្រោះនៅតាមសមុទ្រ និងធ្វើការងារមនុស្សធម៌នៅសមុទ្រផងដែរ។ ។