បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និងជោគជ័យ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង ផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និងជោគជ័យ ។
ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការ រោងចក្រផលិតកេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវការលើកទឹកចិត្តជាច្រើនប្រកបដោយភាពជាក់លាក់, បត់បែន និង ទាក់ទាញជាងមុន ជាពិសេស ការលើកលែងសារពើពន្ធ និងការការពារដល់វិនិយោគិន ។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ប្រកបដោយភាពអំណោយផល, តំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា ក៏ជាយន្តការឈានមុខនៅក្នុងការស្រូបយកវិនិយោគ និងជំរុញការតភ្ជាប់ខ្សែសង្វាក់ផលិតកម្ម នៃរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជា ផងដែរ។
ឯកឧត្តមបណ្ឌិត បន្តថា មួយវិញទៀត ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ, កម្ពុជាបានវិនិយោគសន្ធឹកសន្ធាប់លើ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឆ្អឹងខ្នង រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិថ្មី ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប, កែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងក្រុងសៀមរាប និង ក្រុងព្រះសីហនុ, ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ សំដៅលុបបំបាត់ឧបសគ្គនៃជម្រៅទឹក និងបើកបម្រើសេវាដល់នាវាធំៗ ពីសហរដ្ឋអាមេរិក និងអឺរ៉ុប ចូលត្រង់មកកម្ពុជា, ការសាងសង់ផ្លូវល្បឿនលឿន ភ្ជាប់ពីភ្នំពេញទៅកំពង់ផែទឹកជ្រៅ, ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត ដែលភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា និងអាស៊ាន ព្រមជាមួយនឹងការវិនិយោគលើ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលជាដើម ៕