ក្រសួងអប់រំ រៀបចំសិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ពិសេសដំណើរការកំណែប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៤ វិច្ឆិកា បានរៀបចំសិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា ដែលកម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លាង សេងហាក់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលសមាសភាពចូលរួមសរុបចំនួន ២៧៤នាក់។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅដោយផ្តោតលើប្រធានបទចំនួន៤៖
១. ធ្វើបទបង្ហាញស្ដីពីតួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា
២. ការរៀបចំអក្សរសម្ងាត់
៣. បទបង្ហាញស្ដីពីនីតិវិធីនៃការចុះអក្សរសម្ងាត់
៤. ការបែងចែកក្រុមការងារប្រតិបត្តិដែលមានចំនួន២០ក្រុម។
សូមជម្រាបថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលក្តី ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តអនុវត្តវិធានការការពារការចម្លង ដោយបានដាក់ចេញសេចក្តីណែនាំប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបាននូវការការពារសុខភាព និងសុវត្ថិភាពជូនបុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់៕