ឯកឧត្ដម សាយ សំអាល់៖ កម្ពុជា កំពុងសហការជាមួយចិន លើកិច្ចការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ការគ្រប់គ្រងបរិស្ថាន និងការកសាងសមត្ថភាព
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ស្ថិតក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ប្រទេសកម្ពុជាបាន និងកំពុងសហការជាមួយសាធារណរដ្ឋប្រជាមានិតចិន លើកិច្ចការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ការគ្រប់គ្រងបរិស្ថាន និងការកសាងសមត្ថភាព ដែលក្នុងនោះរួមមានការរៀបចំ តំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណងប្រកបដោយចីរភាព និងបរិយាបន្ន នៅខេត្តព្រះសីហនុផងដែរ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ បានអញ្ជើញចូលរួមក្នុងវេទិកាជាន់ខ្ពស់ ស្ដីពីកិច្ចសហប្រតិបត្តិការត្បូង-ត្បូង លើការងារប្រែប្រួលអាកាសធាតុ នៅកំឡុងពេលកិច្ចប្រជុំសន្និសីទកំពូលលើកទី២៧ នៃបណ្ដាភាគីអនុសញ្ញាសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (COP27) នាទីក្រុង Sharm el-Sheikh សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា វេទិកាជាន់ខ្ពស់នេះគឺជាឱកាសដ៏សំខាន់ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចពិនិត្យនូវវឌ្ឍនភាព ផ្លាស់ប្ដូរទស្សន បទពិសោធន៍ និងឧត្តម្មានុវត្ត ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈក្របខណ្ឌនៃ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនវេទិកាអំពី «កិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)» ដែលផ្ដួចផ្ដើមឡើងដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ដើម្បីតម្រង់ទិសឆ្ពោះទៅកាន់អនាគតមួយ ដែលបញ្ចេញកាបូនតិច បៃតង មានភាពស៊ាំ និងប្រកបដោយចីរភាព ៕