ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការជួបជុំគ្នាលើទីតាំង ធ្លាប់ជាតំបន់សង្គ្រាមបង្ហូរឈាម រវាងខ្មែរនិងខ្មែរ បានរំឭកឲ្យយើងនឹកឃើញ អតីតកាលដ៏សែនជូរចត់ ដែលប្រជាជាតិយើងបានជួបប្រទះ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការជួបជុំគ្នានៅលើទីតាំងដែលធ្លាប់ជាតំបន់សង្គ្រាមបង្ហូរឈាមគ្នារវាងខ្មែរ និងខ្មែរក្នុងឱកាសនេះ បានរំឭកឱ្យយើងនឹកឃើញនូវអតីតកាលដ៏សែនជូរចត់ ដែលប្រជាជាតិយើងបានជួបប្រទះ។
ក្នុងឱកាសអញ្ជើញបើកការរដ្ឋានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់កងទ័ពជើងគោក ក្នុងគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែវិច្ឆិកានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទោះបីព្រឹត្តិការណ៍ទាំងនោះបានក្លាយជារឿងរ៉ាវប្រវត្តិសាស្ត្រទៅហើយក្តី ប៉ុន្តែគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់នៅសេសសល់រាយប៉ាយពេញផ្ទៃប្រទេស នៅតែជាកេរដំណែលបន្សល់ទុកពីសង្រ្គាម ហើយដែលទាមទារឱ្យយើងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយការលំបាក និងបញ្ហាប្រឈមដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសនៅតាមតំបន់ស្រែចម្ការរបស់ប្រជាជន ដែលមានប្រជាជនរាប់ម៉ឺនគ្រួសារកំពុងទទួលរងនូវការគំរាមកំហែងដោយផ្ទាល់ និងដោយប្រយោល ដើម្បីឱ្យពួកគាត់មានក្តីសង្ឃឹម និងបន្តកសាងនូវអនាគតដ៏រុងរឿងតទៅមុខទៀត ៕