មធ្យោបាយធ្វើដំណើរនិងសម្ភារគ្រឿងបំពាក់បានដឹកតាមនាវាឆ្ពោះទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាលហើយសម្រាប់ការងារបេសកកម្មUN
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មធ្យោបាយធ្វើដំណើរនិងសម្ភារគ្រឿងបំពាក់ ដាក់ក្នុងទឺន័រនិងរថយន្តតូចធំចំនួន៦៩គ្រឿង បានដឹកតាមនាវាឆ្ពោះទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកម្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ដោយបានការអនុញ្ញាត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាគណៈកម្មាធិការជាតិ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃនេះ រថយន្ត គ្រឿងចក្រ និងសម្ភារ នៃកងកម្ទេចគ្រាប់ ដើម្បីទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយឆ្លងកាត់ប្រទេសឥណ្ឌា និងប្រទេសកាម៉ារូន ដោយរយៈពេលនៃការដឹកជញ្ជូនមធ្យោបាយ សម្ភារ
ទាំងអស់នេះ គឺចំណាយពេលពី៧៥ថ្ងៃទៅ៩០ថ្ងៃ ទើបបានទៅដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ឯកឧត្តម សែម សុវណ្ណនី បានបញ្ជាក់ថា នៅមុន៣សប្តាហ៍ ដែលសម្ភារទាំងអស់នេះទៅដល់ កម្ពុជានឹងបញ្ជូនកងកម្លាំងកម្ទេចគ្រាប់ចំនួន១០១នាក់ ចេញទៅដើម្បីទទួលមធ្យោបាយនិងសម្ភារ នៅរដ្ឋធានីបាំងហ្គី សាធារណរដ្ឋអាហ្វ្រិកកណ្តាល តែម្តង។
ឯកឧត្តមបានបញ្ជាក់ថា ការបញ្ជូនកងថ្មីនេះ ខាងអង្គការសហប្រជាជាតិ បានសប្បាយចិត្តរីករាយមែនទែន កន្លងមកក្នុងមហាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងជំនួបដោយផ្ទាល់រវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ កម្ពុជាជាប្រទេសតូចតែមានឆន្ទៈខ្ពស់ ក្នុងការបញ្ជូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយកម្ពុជាជាសមាជិកដ៏សកម្មមួយរបស់អង្គការសហប្រជាជាតិ៕