ប្រជាពលរដ្ឋ ស្រុកបវេល និងស្រុករតនមណ្ឌ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៧គ្រាប់
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា មានប្រជាពលរដ្ឋចំនួន ០២ស្រុក បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០៧គ្រាប់។
នៅស្រុកបវេល មានប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន០៣គ្រាប់ នៅពេលកំពុងភ្ជួរស្រែ ត្រង់ចំណុចភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ដោយប្រជាពលរដ្ឋឈ្មោះ សុង ចាន់រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានចំនួន ០២គ្រាប់ និងឈ្មោះ វង់ ឈួង ភេទប្រុស អាយុ៦២ឆ្នាំ នៅភូមិបឹងពពួល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានចំនួន ០១គ្រាប់ បានមករាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលប្រាំដើម នៃអធិការដ្ឋាននគរបាលស្រុកបវេល។
ក្រោយទទួលដំណឺង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់ចំនួន០៣គ្រាប់ ប្រភេទ ៦០មីលីមែត្រ ចំនួន ០១គ្រាប់, មីនសញ្ញាលេខបូកចំនួន ០១គ្រាប់, មីន៦៩ ចំនួន០១គ្រាប់ សមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធ និងដាក់ស្លាកសញ្ញា ។
នៅស្រុករតនមណ្ឌល មានប្រជាពលរដ្ឋឈ្មោះ សាក់ សីណា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ត្រង់ចំណុចចម្ការរបស់គាត់ ស្ថិតក្នុងភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មករាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ។
ក្រោយទទួលដំណឺង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់ចំនួន ០៤គ្រាប់ ប្រភេទក្បាលគ្រាប់ ៨២ មីលីម៉ែត្រចំនួន ២គ្រាប់, គ្រាប់DK ៧៥មីលីម៉ែត្រ ចំនួន១គ្រាប់ និងមីន៦៩ ចំនួន១គ្រាប់ សមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា ។
នគរបាលទាំងពីរស្រុក បានរាយការណ៍បន្តទៅអង្គភាពកំចាត់មីនស៊ីម៉ាក់ CMAC ដើម្បីយកទៅកំទេចចោល ។
សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចចៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ ៕