ស្នងការភ្នំពេញ រៀបចំពិធីជប់លៀងជូនដល់កងកម្លាំង បន្ទាប់ពីបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីជប់លៀងដើម្បីជាការលើកទឹកចិត្ត ជូនដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បន្ទាប់ពីបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនទៀត ។
ក្នុងពិធីនេះដែរ ឯកឧត្តម ស ថេត បានអញ្ជើញឡើងមានមតិសំណេះសំណាលជាមួយមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ ដែលមានកម្លាំងសរុបប្រហែលជា២០០០នាក់ ក្រៅពីនោះនៅតាមបណ្តាអធិការនគរបាលខណ្ឌ គឺមានការរៀបចំតាមខណ្ឌរៀងៗខ្លួន ដោយមានការជួយឧបត្ថម្ភទាំងថវិកា និងភេសជ្ជ:ពីឯកឧត្តមស្នងការផងដែរ ។
ជាមួយនោះដែរ ឯកឧត្តម ស ថេត ក៏បានគោរពកោតសរសើរ និងថ្លែងអំណរគុណ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាប្រចាំ ជាពិសេសកោតសរសើរដល់ការដឹកនាំកងកម្លាំងដោយទទួលបានជោគជ័យ សុវត្ថិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលកន្លងមកនេះ ។
ឯកឧត្តម ស ថេត បានគោរពថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិត្តិយសដល់កងកម្លាំង អញ្ជើញចូលរួមជាអធិបតីក្នុងពិធីជប់លៀងនេះផងដែរ ក្រៅពីនេះឯកឧត្តម ស ថេត បានកោតសរសើរដល់ទឹកចិត្តរបស់ឯកឧត្តម ឃួង ស្រេង ដែលបានជួយឧបត្ថម្ភជាថវិកា និងភេសជ្ជ: ដើម្បីរៀបចំកម្មវិធីនេះឡើង ក៏ដូចជាការបែងចែកដល់បណ្តាអធិការនគរបាលខណ្ឌទាំង១៤ ដើម្បីរៀបចំកម្មវិធីជប់លៀងជូនដល់កងកម្លាំង ឲ្យបានចូលរួមសប្បាយរីករាយគ្រប់ៗគ្នាផងដែរ៕