លោកជំទាវ គឹម សេដ្ឋានី បើកកិច្ចជំនួបសមាជិកប្រចាំឆ្នាំ និងផ្តល់លិខិតសសើរសម្រាប់កម្មវិធី Shichida Parental Activation
ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចជំនួបសមាជិកប្រចាំឆ្នាំ និងផ្តល់លិខិតសសើរសម្រាប់កម្មវិធី Shichida Parental Activation (SPA) ដែលរៀបចំដោយ កម្មវិធី Shichida Cambodia នៅសណ្ឋាគារហ៊ីម៉ាវារី។
ក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការ បានថ្លែងកោតសសើរចំពោះកម្មវិធី Shichida Cambodia ដែលបានផ្តោតការវិនិយោគក្នុងការគាំពារ និងអប់រំកុមារតូចនៅកម្ពុជា ជាពិសេសលើកម្មវិធីអប់រំមាតាបិតា អ្នកអាណាព្យាបាល ស្របតាមកម្មវិធីអប់រំកុមារតូចរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការអប់រំដែលមានសក្តានុពលឆ្ពោះទៅរកសង្គមពុទ្ធិ និងវិបុលភាព គឺត្រូវចាប់ផ្តើមពីការគាំពារ និងអប់រំកុមារតូចក្នុងវ័យដំបូងនៃជីវិតរបស់កុមារ ចាប់ពីបដិសន្ធិកំណើត រហូតអាយុក្រោម ៦ឆ្នាំ។
ក្នុងអំឡុងពេលនេះកុមារទទួលបាននូវការអភិវឌ្ឍលើផ្នែកសង្គម ផ្នែកអារម្មណ៍ និងផ្នែកពុទ្ធិ តាមរយៈអន្តរកម្ម នៃបរិស្ថានគ្រួសារ សហគមន៍ និងសាលារៀន។ ពោលគឺ រួមគ្នាវិនិយោគលើកុមារតូច នៅពេលគេជាពន្លកទំពាំង ដើម្បីក្លាយជាឫស្សីដ៏រឹងមាំរបស់ប្រទេសជាតិនាពេលអនាគត។
ប្រការនេះ កម្មវិធីអប់រំមាតាបិតា អ្នកអាណាព្យាបាល គឺជាការប្រែក្លាយផ្ទះជាសាលារៀន និងមាតាបិតា អ្នកអាណាព្យាបាល គឺជាគ្រូបង្រៀន ដើម្បីបង្កើតសេចក្តីស្រឡាញ់ ការលើកទឹកចិត្ត និងការទទួលយក ដែលជារបៀបវារៈដ៏ចាំបាច់ នៃការចិញ្ចឹមអប់រំកូនរបស់មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប ក្នុងសតវត្សនេះ សម្រាប់ការកសាងមូលធនមនុស្ស និងសង្គមសន្តិភាពនាអនាគត៕