អគ្គនាយករងអន្តោប្រវេសន៍ ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច ជូនសមាជិក-សមាជិកា
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារសម្របសម្រួល ចាត់ចែង រៀបចំកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំ២០២២ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំសមាជិក-សមាជិកាក្រុមការងារ ដើម្បីធ្វើការបែងចែកភារកិច្ច និងការទទួលខុសត្រូវតាមផ្នែកនីមួយៗបន្ថែមទៀត ក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងកម្មវិធីទស្សនកិច្ច ជំនួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារនៃកិច្ចប្រជុំប្តូរវេន ជាមួយនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា ក៏បានធ្វើការសង្កត់ធ្ងន់ និងណែនាំដល់សមាជិក-សមាជិកាទាំងអស់ ត្រូវចូលរួមបំពេញភារកិច្ចតាមផែនការដែលបានរៀបចំ និងបែងចែករួច ឱ្យមានប្រសិទ្ធភាពជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។
កម្មវិធីទស្សនកិច្ច ជំនួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារ នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានគណៈប្រតិភូកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាច្រើនរូបទៀត នៅប្រទេសកម្ពុជា ៕