សម្តេចតេជោ៖ ជំនួបរវាងសម្តេច និងប្រធានាធិបតី ចូ បៃដិន មានជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ជាប់ទោសឲ្យត្រឡប់មកកម្ពុជាវិញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងជំនួបរវាងសម្តេចជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន មានជជែកពីរឿងបញ្ជូនពលរដ្ឋខ្មែរ ដែលជាប់ទោសនៅអាមេរិក ឲ្យត្រឡប់មកកម្ពុជាវិញ ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាថ្ងែទី២២ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំក៏បានលើក រឿងពលរដ្ឋខ្មែរដែលជាប់គុកនៅអាមេរិក ត្រូវបញ្ជូនមកស្រុកខ្មែរ។ ខ្ញុំថា ដើម្បីកុំឲ្យពិបាក ឥឡូវអនុវត្តអនុស្សារណៈ ឆ្នាំ២០០២ តែម្តងទៅ រួចហើយសម្ភាស គឺសម្ភាសតាមអនឡាញក៏បាន ឬសម្ភាសផ្ទាល់ក៏បានដែរ ។ អ្វីដែលខ្ញុំសុំ គឺសុំកុំបញ្ជូនទៅបរទេស។ កន្លងទៅ ពេលបញ្ជូនមកស្រាប់តែបញ្ជូនទៅឡាវ ២នាក់បាត់។ យើងមានកិច្ចព្រមព្រៀងជាមួយអាមេរិក ២០ឆ្នាំហើយ ក្នុងការទទួលយកពលរដ្ឋខ្មែរត្រឡប់មកប្រទេសវិញ ក្រោយអនុវត្តទោស» ។