សម្ដេចតេជោ៖ កម្ពុជា បានឈានទៅដល់ការប្រកាសខេត្ត រាជធានីចំនួន៥ គ្មានមីន ក្នុងនោះ ភូមិចំនួន ១ ៧០៥ ត្រូវបានប្រកាសជាភូមិអស់មីន
ភ្នំពេញ៖ សម្ដេចចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាបានឈានទៅដល់ការប្រកាសខេត្ត រាជធានីចំនួន ៥ គ្មានមីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ ក្នុងនោះ ភូមិចំនួន ១ ៧០៥ ត្រូវបានប្រកាសជាភូមិអស់មីនផងដែរ។
ក្នុងឱាសអញ្ជើញ បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី២២ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបិទសន្និបាតជាតិប្រារព្ធខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអាជ្ញាធរមីន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អ ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន នៃការងារសកម្មភាពមីនក្នុងរយៈពេល៣០ ឆ្នាំ នៅកម្ពុជាសម្រាប់ការអភិវឌ្ឍជាតិ ។
សម្តេចតេជោបានមានប្រសាន៍ថា កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ ១៩៩២ ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនដោយសង្គ្រាម និងប្រែក្លាយដីសម្រាប់សកម្មភាពសេដ្ឋកិច្ច។ កម្ពុជាជាប្រទេសរងផលប៉ះពាល់ដោយសង្គ្រាម និងជាប្រទេសស្រឡាញ់សន្តិភាពនៅឆ្នាំ ១៩៩៧ កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងឆ្នាំ ២០០០ ។ ក្នុងនាមជារដ្ឋភាគី នៅចុងឆ្នាំ ២០១១ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃរដ្ឋភាគីលើកទី១១ ដែលត្រូវបានទទួលស្គាល់ថា ជាកិច្ចប្រជុំមួយដ៏ល្អ និងប្រកបដោយជោគជ័យ ក្នុងប្រវត្តិនៃកិច្ចប្រជុំរបស់ចលនាហាមការប្រើប្រាស់ មីនប្រឆាំងមនុស្សកន្លងមក ។
សម្ដេចបន្តថា បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកសកម្មភាពមីនជាផ្នែកមួយដ៏សំខាន់ ព្រមទាំងបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី ៩ នៃគោលដៅអភិវឌ្ឍន៍- សហសវត្សរ៍ និងដាក់ចូលជាគោលដៅទី ១៨ នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែក ដល់ការសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ “កម្ពុជា គឺជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះ ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋ-កិច្ចសង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព”។ កិច្ចខិតខំប្រឹងប្រែងនេះ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយ សារមីន និងសំណល់ជាតិផ្ទុះពីចំនួន ៤ ៣២០ នាក់ ក្នុងឆ្នាំ ១៩៩៦ មកនៅក្រោមចំនួន ១០០ នាក់ ជាមធ្យម ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តគោលនយោបាយ និងវិធានការមួយចំនួន សំដៅជួយទ្រទ្រង់ដល់ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ និងលើកកម្ពស់សិទ្ធិរបស់ជនរងគ្រោះ ព្រមទាំងបានផ្តល់សច្ចាប័នដល់អនុសញ្ញា ស្តីពីសិទ្ធិរបស់ជនពិការ ដែលបានចូលជាធរមានតាំងពីឆ្នាំ ២០១៣ មក ។ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលបានឯកភាពឱ្យអាជ្ញាធរមីនរៀបចំ “សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះ” នៅកម្ពុជា ដែលនឹងមានប្រទេសប្រមាណ ៣៦ ចូលរួម ។ កម្ពុជាមានពេលប្រមាណ ៣ ឆ្នាំ ទៀត ដើម្បីបន្តការបោសសម្អាតមីនសំដៅឈានដល់ការសម្រេចបានគោលដៅចុងក្រោយ គឺកម្ពុជាមិនមានមីនប្រឆាំងមនុស្សចាប់ពីឆ្នាំ ២០២៥ ជាមួយនឹងការគំរាមដោយសំណល់ជាតិផ្ទុះនឹងត្រូវបានកាត់បន្ថយដល់កម្រិតអប្បរមា ៕