ក្រសួងបរិស្ថាន សហការជាមួយ វីតាល់ និងរដ្ឋបាលខេត្តមណ្ឌលគីរី ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»
ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់) និងរដ្ឋបាលខេត្តមណ្ឌលគីរី រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» ក្រោមអធិបតីភាពឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី លោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងលោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក. មន្រ្តីរាជការនៃមន្ទីរ-ស្ថាប័នជុំវិញខេត្ត មន្រ្តីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដី សរុបប្រមាណ ៣០០នាក់។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នេះ នឹងធ្វើឲ្យគ្រប់មជ្ឈដ្ឋានបានឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីក្នុងការថែរក្សាអនាម័យបរិស្ថាន និងជាសារបញ្ជូនទៅកាន់គ្រប់ទិសទីនៃប្រទេសកម្ពុជាថា «ការថែរក្សាអនាម័យបរិស្ថានគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា និងជាការចូលរួមថែរក្សាការពារមាតុភូមិកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា»។ ព្រឹត្តិការណ៍នេះ ក៏នឹងជំរុញប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលជាផ្នែកមួយជួយឱ្យភូមិ ឃុំ សង្កាត់ របស់យើងកាន់តែមានសោភ័ណភាពស្រស់ស្អាត និងមានភាពបៃតង ស្របតាមលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពគឺ “មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ”។
លោក ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី ក្នុងនាមរដ្ឋបាលខេត្ត សូមដាស់តឿនក្រើនរម្លឹកដល់បណ្ដាមន្ទីរអង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើអនាម័បរិស្ថាន និងថែរក្សាបរិស្ថានឱ្យបានជាប់ជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន និងធ្វើការអប់រំផ្សព្វផ្សាយពីការគ្រប់គ្រង និងទុកដាក់សំរាមនិងសំណល់រឹងឲ្យបានត្រឹមត្រូវ។ លោកសង្ឃឹមថាការប្រារព្ធទិវានេះនឹងក្លាយជាចរន្តចលករ ដែលជំរុញឲ្យមានការចាប់ផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានផ្តើមចេញពីយើងម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវទុកដាក់សំរាមនិងសណល់រឹង ដោយមិនបោះចោលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង ទីប្រជុំជន និងមូលដ្ឋាន និងដើម្បរក្សាសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួនផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់) ក្នុងនាមវិស័យឯកជន បានសម្ដែងនូវក្ដីរីករាយ ដោយកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍ថ្ងៃនេះ ទទួលបានការចាប់អារម្មណ៍ និងចូលរួមពីបុគ្គលនិងដៃគូសំខាន់ៗ ដែលបានចូលរួមផ្តល់ការគាំទ្រ និងផ្តល់អនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុងការកំណត់អាទិភាពការងារ ក៏ដូចជាកំណត់នូវវិធានការសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ ដែលនេះជាកាតព្វកិច្ចយើងទាំងអស់គ្នា សម្រាប់មាតុភូមិកម្ពុជាមួយនេះ។
លោកជំទាវបន្ថែមថា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ចូលរួមបំផុសស្មារតី និងផ្លាស់ប្ដូរឥរិយាបថសង្គម ឱ្យចេះស្រឡាញ់ ថែរក្សា និងក្លាយជាចរន្តចលករជំរុញឱ្យមានការចាប់ផ្តើម ធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ផ្តើមចេញពីបុគ្គលម្នាក់ៗ ដើម្បីសោភ័ណភាពទីក្រុងយើង ខេត្តយើង និងមានតុភូមិយើងស្អាត និងកាន់តែស្អាត និងប្រពៃ។
លោកជំទាវបានគូសបញ្ជាក់ឱ្យដឹងទៀតថា ចាប់តាំងពីការចាប់ផ្តើមអាជីវកម្ម វីតាល់ បានកំណត់អាទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យ ប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម និងការឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម ជាកិច្ចការមួយទៀតដែល វីតាល់ បានប្រកាន់ភ្ជាប់។ ក្នុងនោះ របៀបវារៈនៃការចូលរួមចំពោះបរិស្ថាន មូលនិធិ វីតាល់២៥៛ បានដាក់ចេញនូវគម្រោងមួយចំនួន ដែលទទួលបានការសាទរ និងជាគំរូដល់ ក្រុមអ្នក ផលិតទឹកពិសានៅកម្ពុជា។
ក្នុងនោះកាលពីខែសីហា ឆ្នាំ២០១៥ វីតាល់ បានរៀបចំឱ្យមានគម្រោង Vital Go Green តាមរយៈការឈប់ប្រើប្រាស់ប្លាស្ទិក លើគម្របដប មុនដំបូងគេសម្រាប់ផលិតផលទឹកពិសាក្នុងស្រុក នៅកម្ពុជា ដែលគំរូនេះបានក្លាយជាចលករនៃការផ្លាស់ប្តូរបរិបទ នៃការផលិតទឹកពិសា ដោយពុំមានប្លាស្ទិក លើគម្របដបសម្រាប់ទីផ្សារកម្ពុជា។
បន្តបន្ទាប់ វីតាល់ បានចូលរួមបន្ថែមទៀត តាមរយៈការកាត់បន្ថយកម្រាស់ជ័រដប និងគាំទ្រដល់គំនិតផ្តួចផ្តើមបរិស្ថានផ្សេងៗ មានដូចជាការស្តាឡើងវិញ នូវថ្នាលបណ្តុះដើមកោងកាង ដែលជាគម្រោងរបស់វីតាល់ ជាមួយក្រសួងបរិស្ថានសម្រាប់ឆ្នាំ២០២៣ ការចូលរួមផ្តល់នូវថង់បរិស្ថាន តាមបណ្តាលផ្សារ នៅរាជធានីភ្នំពេញ និងគម្រោងបរិស្ថានផ្សេងៗ ជាច្រើនទៀត។