ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក កម្រិតថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២២ ដណ្តើមមេដាយនៅឆ្នេរអូឈើទាល ចាប់ផ្ដើមប្រកួតហើយ
ព្រះសីហនុ៖ ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក កម្រិតថ្នាក់ជាតិឆ្នាំ២០២២ មានប្រតិភូគីឡាករ កីឡាការិនី ខ្លាំងៗ ប្រមាណចំនួន២៥នាក់ មកចូលរួមប្រកួតដណ្តើមមេដាយ ជូនរាជធានីខេត្ត រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២២ នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។
កម្មពិធីធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងមានការអញ្ជើញចូលរួមពី ស្នងការរងដ្ឋាននគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បញ្ជាការរងកងទ័ពជើងទឹកខេត្ត លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាតាមរយៈការរៀបចំពិធីនេះនៅក្នុងខេត្តព្រះសីហនុ ត្រូវបានបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិការផ្សព្វផ្សាយ បានទូលំទូលាយអំពីសក្តានុពលរបស់ខេត្ត រួមទាំងឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោក កោះតូច-ធំ កំពង់ផែអន្តរជាតិអាកាសយានដ្ឋានអន្តរជាតិ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងធនធានធម្មជាតិដ៏សម្បូរបែបផ្សេងៗទៀត ជាពិសេសផ្លូវល្បឿនលឿន ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងទាំង ៣៧ខ្សែ បន្ទប់ទឹកសាធារណៈ និងសមិទ្ធផលនានាជាច្រើនទៀត ដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចសង្គម ធុរកិច្ច ពាណិជ្ជកម្មឧស្សាហកម្ម និងទេសចរណ៍នៅខេត្តព្រះសីហនុទាំងមូល និងបានជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបានឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ ជាចុងក្រោយ លោកបានលើទឹកចិត្តដល់កីឡាករ កីឡាការនីទាំងអស់ ដែលនឹងចូលរួមប្រកួត ត្រូវមានស្មារតី ក្នុងមានចិត្តជាកីឡាករយ៉ាងពិតប្រាកដ ដោយស្ម័គ្រចិត្តទទួលយកនូវលទ្ធផលចាញ់-ឈ្នះដែលជាធាតុដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព និងបានធ្វើឲ្យដំណើរការនៃការប្រកួតកាន់តែមានភាពសុក្រឹត និងទទួលបាននូវលទ្ធផលជាវិជ្ជមាន ដែលយើងទាំងអស់គ្នាអាចទទួលយកបាន។
លោក ឯក ភាព អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងពីធិថា កីឡាករជម្រើសជាតិកម្ពុជា និងថ្នាល អញ្ជើញមកពី ៧ រាជធានីខេត្ត និងក្រសួង ដែលចូលរួមការប្រកួតមាន៥វិញ្ញាសា គណៈកម្មការបច្ចេកទេសថ្នាក់ជាតិ ៣៥នាក់ ក្នុងនោះមានគណៈកម្មការអន្តរជាតិ ៦នាក់។ កន្លែងស្នាក់នៅ និងហូបចុករបស់គណៈកម្មការ ប្រតិភូគ្រូបង្វឹក និងកីឡាករ កីឡាការិនី ជាបន្ទុករបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការរៀបចំព្រឹត្តិការណ៍បានការសហការដោយ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) គណៈកម្មការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានកងទ័ពជើងទឹកខេត្ត រដ្ឋបាលខេត្តកោះកុង និងសហភាពសហព័ន្ធយុវជនកម្ពុជា។ ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ គឺ៖
១. វាស់ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា
២. វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធ ត្រៀមធ្វើជាម្ចាស់ផ្ទះនៅកម្ពុជា ឆ្នាំ២០២៣
៣. ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ជាពិសេសបង្ហាញពីការចាប់ផ្ដើមស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុង និងក្រោយស្ថានភាពវិបត្តិជម្ងឺកូវីដ-១៩។
លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ឧត្តុង្គឧត្តម របស់គណៈអធិបតី ប្រតិភូដឹកនាំកីឡាករ រាជធានី/ខេត្ត និងក្រសួង គ្រូបង្វឹក កីឡាករ កីឡាការិនី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក កម្រិតថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២២៕