លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បើកសិក្ខាសាលាផ្សព្វផ្សាយ អំពីសៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម
ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន រដ្ឋលេខាធិការ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីរអស់លោក លោកស្រី មន្ទីរ អង្គភាពពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា៖ សិក្ខាសាលានាថ្ងៃនេះគឺមានសារៈសំខាន់ណាស់ សម្រាប់ធ្វើការស្វែងយល់ពីសន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងបានផ្ដល់ចំណេះដឹងថ្មីៗដល់អស់លោក លោកស្រី អំពីការប្រឆាំងភេរវកម្ម ការសំអាតប្រាក់ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដូចនេះនៅលើពិភពលោកនឹងមានសន្តិភាព ប្រសិនបើអាវុធមហាប្រល័យទាំងអស់ត្រូវបានហាមឃាត់ទាំងស្រុងនោះ។
ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា៖ គោលបំណងនៃសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម គឺជាការសម្របសម្រួល នីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការនិងការប្រឆាំងភេរវកម្មរួមទាំងការលាងសំអាតប្រាក់ ហិរញ្ញប្បប្រទានភេវកម្ម ព្រមទាំងហិរញ្ញប្បទានដល់ការរីករាលសាយភាយអាវុធមហាប្រ ល័យលោក ដែលជាការផ្ដើមគំនិតបង្កើតឡើងដោយកត្តាមនុស្សមួយចំនួននៅលើពិភពលោកយើងនេះ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន បានមានប្រសាសន៍និងធ្វើបទបង្ហាញដល់សិក្ខាកាមចូលរួម ស្ដីពីការប្រឆាំងភេរវកម្មដោយមានខ្លឹមសារបញ្ជាក់ថា កម្ពុជាជាភាគីមួយនៃអនុសញ្ញាពិធីសារ ការសម្រេចចិត្តនិងអនុសាសន៍មួយចំនួនទាក់ទងនិងភេរវកម្មរបស់អង្គការ សហប្រជាជាតិបូករួមនិងច្បាប់ ផ្សេងៗទៀតរួមមាន ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ ដែលគេនិយមថាការសម្អាតលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ដែលច្បាប់នេះប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស / រកម / ០៦២០ / ០២១ ចុះថ្ងៃទី២៧ ខែមិថុនាឆ្នាំ ២០២០។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា៖ ភេរវកម្មគឺជាបញ្ហាអន្តរជាតិដែលតភ្ជាប់ពាសពេញពិភពលោក រួមទាំងនៅក្នុងតំបន់យើងដែរ។ ភេរវកម្មគ្មានព្រំដែនកំណត់នោះទេ។ ការប្រយុទ្ធនិងអំពើភេរវកម្ម តម្រូវឲ្យមានកិច្ចសហការប្រតិបត្តិការ និងការសម្របសម្រួលទាំងថ្នាក់ជាតិនិងអន្តរជាតិ៕