សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យប្រេសិតពិសេស របស់អគ្គលេខាធិការ UN ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអនុញ្ញាតជូនឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ ចូលជួបពិភាក្សាការងារនៅវិមានរដ្ឋសភា។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងស្វាគមន៍ចំពោះដំណើរគណៈប្រតិភូUNមកកាន់កម្ពុជា។
សម្ដេចក៏បានយកឱកាសនេះជម្រាបជូនដោយសង្ខេបនូវស្ថានភាពសុវត្ថិភាពចរាចរណ៍នៅកម្ពុជា ពិសេសក្នុងរយៈពេលកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានខិតខំសម្រេចបានលទ្ធផលមួយចំនួនធំពាក់ព័ន្ធទៅនឹងការងារសុវត្ថិភាពចរាចរណ៍ដោយមានយន្តការការងារអនុវត្តជាក់លាក់ និងមានតួអង្គពីរសំខាន់សំខាន់គឺក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការរួមគ្នាទៅលើកិច្ចការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានយន្តការចាប់ពីថ្នាក់ក្រសួងដល់ថ្នាក់ខេត្ត។
សម្តេចបានបញ្ជាក់ថាកម្ពុជា បានខិតខំកាត់បន្ថយអត្រាមរណៈភាព និងអត្រារបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែទោះបីយ៉ាងណា ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវតែបន្តខិតខំដោះស្រាយ ក្នុងនោះក៏មានកិច្ចការមួយចំនួនទៀតផងដែរដែលពាក់ព័ន្ធទៅនឹងការបន្តអភិវឌ្ឍនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការផ្តល់និងបំពាក់នូវសម្ភារៈបច្ចេកទេសបម្រើដល់ការងារត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងការងារកែលម្អធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតដល់ការងារគ្រប់គ្រងត្រួតពិនិត្យលើសុវត្ថិភាពចរាចរណ៍។
សម្តេចក៏បានជម្រាបជូនដែរថា ភាគច្រើននៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺបង្កឡើងដោយកត្តាធំ២ ក្នុងនោះទីមួយគឺកត្តាមនុស្ស ទីពីរគឺកត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាពិសេសគឺបញ្ហាបច្ចេកទេសពាក់ព័ន្ធទៅនឹងការបំពាក់ស្លាកសញ្ញាផ្សេងផ្សេង។ សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តខិតខំ អភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពិសេសការកសាងផ្លូវល្បឿនលឿន និងផ្លូវហាយវ៉េ ដែលមានច្រើនគន្លង និងផ្លូវជាតិ ព្រមទាំងផ្លូវតភ្ជាប់ពីផ្លូវជាតិ ទៅតាមបណ្ដាខេត្តនីមួយៗ រួមចំណែកសម្រួលការធ្វើដំណើរ កាត់បន្ថយងបត្រាគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចក៏បានជម្រាបជូនឯកឧត្តម ជីន ថូត (Jean Todt)ដែរថាដើម្បីបន្តធ្វើឲ្យកាន់តែប្រសើរឡើងលើការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ កិច្ចការសំខាន់ៗពីរត្រូវតែបន្តធ្វើឲ្យទន្ទឹមគ្នា ទីមួយគឺការពង្រឹងការអនុវត្តច្បាប់ និងទីពីរគឺការបន្តលើកកម្ពស់ការយល់ដឹងស្មារតីគោរពច្បាប់របស់ប្រជាជនដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ឱ្យបានជាអតិបរមា។
ជាការឆ្លើយតប ឯកឧត្តម ជីន ថូត (Jean Todt) បានថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានជម្រាបជូនសម្ដេចថានេះជាលើកទីពីរហើយដែលឯកឧត្តមអញ្ជើញមកកម្ពុជា ក្នុងនោះទស្សនកិច្ចទីមួយបានធ្វើឡើងកាលពីដប់ឆ្នាំមុន។ ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះឯកឧត្តមអះអាងពីការមើលឃើញការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍។
ឯកឧត្តមបានឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់សម្ដេចក្រឡាហោម ដែលថាការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍នេះ ជាការពិត ទាមទារនូវការចូលរួមពីប្រជាពលរដ្ឋ តាមរយៈការអប់រំផ្សព្វផ្សាយឱ្យយល់ដឹង និងការពង្រឹងការអនុវត្តច្បាប់។ ឯកឧត្តមបានបញ្ជាក់ថាជារួមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរនៅលើផ្លូវត្រឹមត្រូវស្របតាម អភិក្រមរបស់អង្គការសហប្រជាជាតិ។
ឯកឧត្តមបានអះអាងពីការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នេះជាបន្តទៀត រួមជាមួយនឹងដៃគូដទៃទៀតរបស់លោកនៅក្រោមអង្គការសហប្រជាជាតិ តាមរយៈការលើកទឹកចិត្ត និងជូននូវយោបល់មួយចំនួនដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសការបង្កើននូវការប្រើប្រាស់នូវសេវាដឹកជញ្ជូនសាធារណៈដើម្បីកាត់បន្ថយនូវមធ្យោបាយធ្វើដំណើរលើដងផ្លូវ កៀរគរការចូលរួមពីវិស័យឯកជន។
ជាការឆ្លើយតប សម្ដេចក្រឡាហោម បានថ្លែងអំណរគុណដល់ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ និងអរគុណចំពោះយោបល់របស់ឯកឧត្តមក្នុងការខិតខំកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
សម្ដេចក៏បានជម្រាបជូនឯកឧត្ដមផងដែរថាសម្ដេចក៏កំពុងតែដឹកនាំការពិនិត្យនិងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិមួយចំនួនពាក់ព័ន្ធទៅនឹងការងារពង្រឹងការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍៕