ឯកឧត្ដម ហ៊ុន ម៉ានី៖ ស្អែកនេះ មហាគ្រួសារស.ស.យ.ក ទូទាំងប្រទេស នឹងមកជួបជុំគ្នាជាប្រវត្តិសាស្ត្រម្តងទៀត នៅភ្នំពេញ
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឲ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ វិច្ឆិកានេះថា នាថ្ងៃទី២៦ វិច្ឆិកាស្អែកនេះ មហាក្រុមគ្រួសារស.ស.យ.ក. របស់យើងទូទាំងប្រទេស នឹងមកជួបជុំគ្នាជាប្រវត្តិសាស្ត្រម្តងទៀតនៅរាជធានីភ្នំពេញ។
ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា «ជាទម្លាប់ យើងមិនដែលធ្វើការដោយគ្មានផែនការ និងការពិភាក្សាគ្នាឡើយ។ ថ្ងៃស្អែកនេះ មហាក្រុមគ្រួសារស.ស.យ.ក. របស់យើងទូទាំងប្រទេស នឹងមកជួបជុំគ្នាជាប្រវត្តិសាស្ត្រម្តងទៀតនៅរាជធានីភ្នំពេញ។ ខ្ញុំពិតជាមានក្តីសោមនស្ស និងរីករាយ ដោយទទួលបានព័ត៌មានអំពីវត្តមាននៃការចូលរួមយ៉ាងច្រើនរបស់សមាជិក សមាជិការបស់យើង។ ជួបគ្នានៅថ្ងៃស្អែក នៅមហាសន្និបាតតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០២២» ៕