សម្តេច ហេង សំរិន អញ្ជើញលៀងសាយភោជន៍ ជូនប្រធានរដ្ឋសភាឡាវ និងគណៈប្រតិភូដែលអញ្ជើញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា
ភ្នំពេញ៖ នៅរាត្រីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាសណ្ឋាគារកាំបូឌីយ៉ាណា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានរៀបចំលៀងសាយភោជន៍ ជូនឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវនៅកម្ពុជានាឱកាសនេះថា មិនត្រឹមផ្តល់នូវកិត្តិយស បង្ហាញនូវការគាំទ្រ និងការរួមវិភាគទានដ៏មានតម្លៃដល់ភាពជោគជ័យ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានស្រាប់ ជាពិសេសរវាងរដ្ឋសភាទាំងពីរឱ្យកាន់តែប្រសើរ និងស៊ីជម្រៅថែមមួយកម្រិតទៀត។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាបងប្អូនកម្ពុជាឡាវ ដែលមានតំាងពីយូរណាស់មកហើយនោះ ទោះបីនៅក្នុងកាលៈទេសៈនៃការរាលត្បាតជំងឺកូវីដ-១៩ នាពេលកន្លងមកយ៉ាងណាក្តី ក៏ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទំាងពីរតែងតែរកមធ្យោបាយដើម្បីជួបប្រាស្រ័យទាក់ទងគ្នា ដូចជាការជួបគ្នាតាមអនឡាញ ដើម្បីពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាប់ជាប្រចាំ។ សម្តេចបានបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ បក្ស និងប្រជាជន បានឆ្លុះបញ្ចាំងនូវអត្ថន័យដ៏ជ្រាលជ្រៅ នៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់នូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។
ក្នុងពិធីលៀងសាយភោជន៍នាឱកាសនេះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន សូមប្រសិទ្ធពរ ឱ្យចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទំាងពីរ កម្ពុជា-ឡាវ ស្ថិតស្ថេរ គង់វង្ស ជាអមតៈ៕