អភិបាលខេត្តពោធិ៍សាត់ ព្រមានចាត់វិធានការតាមផ្លូវច្បាប់បើមានកងកម្លាំង ឬមន្ត្រីរាជការរូបណាប្រព្រឹត្តបទល្មើស ឬយកប្រជាពលរដ្ឋជាចំណាប់ខ្មាំង គ្រប់រូបភាពណាមួយ
ភ្នំពេញ៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ដែលទើបឡើងកាន់តំណែងកាលពីពេលថ្មីៗនេះ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់បើមានកងកម្លាំង ឬមន្ត្រីរាជការរូបណាប្រព្រឹត្តបទល្មើស ឬយកប្រជាពលរដ្ឋជាចំណាប់ខ្មាំង។
ការព្រមានរបស់លោកបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺការធ្វើឲ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋានមានភាពកក់ក្តៅ សប្បាយចិត្ត និងមានជីវភាពកាន់តែល្អប្រសើរឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ខូយ រីដា បានបញ្ជាក់យ៉ាងដូច្នេះថា “ បើមានកងកម្លាំង ឬមន្ត្រីរាជការរូបណាដើរប្រព្រឹត្តបទល្មើស ឬយកប្រជាពលរដ្ឋជាចំណាប់ខ្មាំងគ្រប់រូបភាពណាមួយ នោះមិនមែនជាមន្ត្រីរាជការ ឬកងកម្លាំងទេ តែជាជនល្មើស ហើយនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់”។
លោកបន្តថា ល្បែងស៊ីសង គ្រឿងញៀន ចោរលួច ឆក់ប្លន់ អំពើហិង្សា និងការជួញដូរមនុស្ស បើកើតមាននៅមូលដ្ឋានណាដដែលៗនោះគឺមានន័យថា កងកម្លាំង ឬអ្នកដឹកនាំនៅទីនោះគ្មានសមត្ថភាពគ្រប់គ្រងនិងធ្វើកិច្ចការងាររបស់រាជរដ្ឋាភិបាលទេ មន្ត្រីបែបនេះក៏នឹងត្រូវកែសម្រួលដែរ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីទាំងអស់ត្រូវរួមគ្នា ខិតខំធ្វើការងារ និងមកបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ កុំព្រួយបារម្ភថា នឹងត្រូវបានគេដកហូតទៅណាមកណា លើកលែងតែមិនធ្វើការ ឬធ្វើខុសឆ្គាំឆ្គងដែលប្រាស់ចាកមិនអាចលើកលែងបាន៕