ក្រោយវិបត្តិជំងឺកូវីដ! ខេត្តប៉ៃលិនជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដើម្បីលើកកម្ពស់សេវាកម្មទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាន គ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងឯកឧត្តម ងួន លីណា អភិបាលរងនៃគណៈខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ញើញជាអធិបតីក្នុងពិធីប្រកាសឲ្យដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) សម្រាប់ខេត្តប៉ៃលិន សម្រាប់ឆ្នាំ២០២០-២០២៤ ដោយមានសមាសភាពចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិបត្តិករទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបប្រមាណ ៦០រូប។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិន និងមន្ទីរទេសចរណ៍ខេត្ត ដែលបានខិតខំរៀបចំ អភិវឌ្ឍន៍ និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗប្រកបដោយសក្តានុពល បម្រើឲ្យទេសចរអំឡុងស្តារឡើងវិញនូវវិស័យ ទេសចរណ៍ និងការខិតខំជំរុញពង្រឹងគុណភាពសេវាកម្មបានយ៉ាងល្អប្រសើរផងដែរ និងស្នើដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់នៅក្នុងខេត្ត ដែលបានសហការយ៉ាងជិតស្និតជាមួយរដ្ឋបាល ខេត្ត និងមន្ទីរទេសចរណ៍ដើម្បីអនុវត្តនូវច្បាប់ និងវិធាននានារបស់ក្រសួងទេសចរណ៍បានដាក់ចុះ ដែលធ្វើឲ្យខេត្តប៉ៃលិនរីកមុខរីកមាត់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានឲ្យដឹងថាដោយទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានពង្រីកវិសាលភាពការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចទៅខេត្តគោលដៅថ្មីចំនួន ៥ទៀតនៅជុំវិញបឹងទន្លេសាបរួមមានខេត្ត៖ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ហើយសម្រាប់ខេត្តប៉ៃលិន នៅឆ្នាំ២០២៣ខាងមុខនេះ គម្រោងនឹងផ្តល់ការបណ្តុះ បណ្តាលដល់គ្រូបង្គោលចំនួន ១៣រូប និងអ្នកជំនាញទេសចរណ៍ចំនួន១០០នាក់ លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ និងជំនាញគេហកិច្ច។
លោក លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីសខនថាក់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ និងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយអង្គការ SwissContact និងដសកនាំ និងតម្រង់ទិសការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព ដែលធ្វើឲ្យគម្រោងមានលទ្ធភាពបណ្តុះបណ្តាលដល់យុវជនបានប្រមាណ ៣.០០០នាក់ចាប់ពីឆ្នាំ២០១៦ ដល់២០២១។
សូមរំលឹកផងដែរថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោង ដោយអង្គការ ស្វីសខន់ថាក់ ដោយគាំទ្រក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីធ្វើការបណ្តុះ បណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ទេសចរណ៍ នៅខេត្តចំនួន ១០នៅភូមិភាគឥសាន្ត និងជុំវិញបឹងទន្លេសាប៕