ប្រធាន ស.ស.យ.ក.៖ យើងនឹងបន្តពង្រឹងយុវជនឲ្យកាន់តែមានលទ្ធភាពចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានមានប្រសាសន៍ថា យើងនឹងបន្តពង្រឹងយុវជនឲ្យកាន់តែមានលទ្ធភាពចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ។
តាមរយៈហ្វេសប៊ុកឯកឧត្ដម ហ៊ុន ម៉ានី បានឲ្យដឹងយ៉ាងដូច្នេះថា “ ជាផ្នែកមួយនៃចក្ខុវិស័យរបស់យើង យើងនឹងបន្តពង្រឹងយុវជនឲ្យកាន់តែមានលទ្ធភាពចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ធ្វើយ៉ាងណាឲ្យ ស.ស.យ.ក. បន្តនៅតែជាវេទិកាទូលំទូលាយ និងជាឆ័ត្ររួម ដែលអនុញ្ញាតឱ្យយុវជនគ្រប់កោសិកានៃសង្គមកម្ពុជា បានចូលរួមក្នុងការជំរុញចក្ខុវិស័យរួមរបស់កម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ”។
ឯកឧត្ដមបន្តថា ជាងនេះទៅទៀត យើងត្រូវបន្តពង្រីកកិត្តិនាម និងរក្សាមោទកភាព ស.ស.យ.ក. ជាអង្គការចាត់តាំងយុវជនមួយដ៏ធំជាងគេក្នុងប្រទេស និងឈានមុខក្នុងការចូលរួមពូនជ្រុំកម្លាំងយុវជនឱ្យក្លាយជាកម្លាំងមហាសាមគ្គី ដែលអាចរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងបន្តដំណើររួមគ្នាឆ្ពោះទៅកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានល្អ ការរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពរីកចំរើនលើគ្រប់វិស័យ៕