ឯកឧត្ដម ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ រក្សាការពារ និងពង្រឹងជាប្រចាំ ហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ប្រធានគណបក្សប្រជាជនរាជធានីភ្នំពេញ បានថ្លែងថា អាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ ។
ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រមាណជាង ៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ការអញ្ជើញសំណេះសំណាល របស់សម្ដេចតេជោ នាពេលនេះគឺបាន បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ ។
ឯកឧត្តមក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ រាជធានីភ្នំពេញ រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ។
ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា «អាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងរាជធានីភ្នំពេញ បាននឹងកំពុងចូលរួមសហការក្នុងការបង្កលក្ខណៈល្អប្រសើរ» ៕