សម្ដេច ស ខេង អញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាគណៈអធិបតីពិធីជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ បានរាយការណ៍ជូនសម្ដេច គណៈអធិបតី និងអង្គពិធី អំពីសភាពការណ៍រួមរបស់រាជធានីរួមមាន ការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ។
ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម បានគូសបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់រក្សាការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ ហើយរដ្ឋបាលគ្រប់ថ្នាក់ក្នុងរាជធានីភ្នំពេញ បាននឹងកំពុងចូលរួមសហការក្នុងការបង្កលក្ខណៈល្អប្រសើរ ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស ថ្នាក់ភូមិ សង្កាត់ ខណ្ឌ ចំណុះរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំគណបក្សក្នុងស្ថាប័ន ក្រសួងមួយចំនួនទៀតនៅក្នុងថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងរាជធានីភ្នំពេញទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។
សម្តេចតេជោ បានក្រើនរំលឹកដល់សមាជិកសមាជិកាគណបក្សទាំងអស់ដែលមានតួនាទីនៅរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។
សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមាន សេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា។
អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺរាតត្បាតនានា យកចិត្តទុកដាក់ដោះស្រាយបញ្ហាលក់ដូររបស់ប្រជាជនដែលកើតមានឡើងនៅតាមផ្សារ បញ្ហាចរាចរណ៍ បញ្ហាទឹក ភ្លើង។
លើសពីនេះ សម្ដចតេជោបានជំរុញឱ្យមានការខិតខំដោះស្រាយបញ្ហាជម្លោះរវាង កម្មករ ជាមួយរោងចក្រ ឬ បុគ្គលិកក្រុមហ៊ុន ជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឱ្យអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួមសហការគ្នា ធ្វើកិច្ចការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អ ទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់មក ៕