ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ស្មារតីអមតៈ ២ធ្នូគឺជាស្មារតីនៃការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មករួបរួមគ្នា ដើម្បីសម្រេចនូវបុព្វហេតុរួម ជូនមាតុភូមិ និងប្រជាជន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ស្មារតីអមតៈ ២ ធ្នូ គឺជាស្មារតីនៃការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មករួបរួមគ្នា ដើម្បីសម្រេចនូវបុព្វហេតុរួម ជូនមាតុភូមិ និងប្រជាជន។៊
ឯកឧត្ដមមានប្រសាសន៍បែបនេះ នៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាប់ផ្ដើមបង្កើតឡើង ហើយពេលនោះយុវជនយើងជំនាន់មុនដែលជាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ននេះ បានជម្នះរាល់ឧបសគ្គដើម្បីរៀបចំនូវមហាសន្និបាតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដោយជោគជ័យ និងបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការរៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំង ដើម្បីដឹកនាំអនុវត្តឈានទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងដឹកនាំស្តារ កសាង និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យរហូតសព្វថ្ងៃ។
ឯកឧត្ដមបញ្ជាក់ថា “ ស្មារតីអមតៈ ២ ធ្នូ គឺជាស្មារតីនៃការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មករួបរួមគ្នា ដើម្បីសម្រេចនូវបុព្វហេតុរួម ជូនមាតុភូមិ និងប្រជាជន។ គំរូពលិកម្មដ៏ឧត្តុងឧត្តមទាំងនេះ គឺជាមរតកមិនអាចកាត់ថ្លៃសម្រាប់យុវជនជំនាន់បច្ចុប្បន្នក្នុងនាមជាយុវជនបន្តវេន ដូច្នេះយើងត្រូវបន្តថែរក្សានូវសមិទ្ធផលដែលយុវជនជំនាន់មុនសម្រេចបាន ហើយបង្កើនសមិទ្ធផល និងស្នាដៃវិជ្ជមានថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នាបន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព និងសុភមង្គលជានិច្ចនិរន្តរ៍” ។
ទន្ទឹមនិងនោះដែរ ឯកឧត្ដម ក៏បានអំពាវនាវសូមបន្តយកចិត្តទុកដាក់លើទិសដៅលើការងារសំខាន់ៗជាអាទិភាពមួយចំនួន រួមមានជាអាទិ៍៖ ការពង្រឹង និងពង្រីកខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ, ការកសាងចលនាយុវជនឱ្យចូលរួមអភិវឌ្ឍសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ ប្រកបដោយគុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងសុខភាពកាយសម្បទារឹងមាំ, ការបន្តការពារ និងថែរក្សាកេរតំណែលរបស់រៀមច្បងជំនាន់មុន ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ន ទាំងការរំដោះប្រជាជនចេញពីរបបកាប់សំលាប់ប៉ុលពត និងការបញ្ចប់សង្រ្គាមជាង៥០០ឆ្នាំ ដោយបានកសាងសន្តិភាពតាមរយៈការនាំមកនូវឯកភាពជាតិ និងឯកភាពទឹកដីពេញលេញ, ការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិ៕