ប្រធានកិត្តិយស ស.ស.យ.ក ជំរុញឲ្យបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងល្អជាមួយអង្គការយុវជន និងយុវជនបណ្តាប្រទេសនានាលើសកលលោក
ភ្នំពេញ៖ ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក ) ឯកឧត្តម ហ៊ុន ម៉ាណែត បានជំរុញឲ្យបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងល្អជាមួយអង្គការយុវជន និងយុវជនបណ្តាប្រទេសនានាលើសកលលោក។
នៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ាណែត បានអំពាវនាវសូមបន្តជំរុញស្មារតីសេ្នហាជាតិមាតុភូមិរបស់យុវជនឱ្យមានភាពប្រាកដនិយម មានទឹកចិត្តទូលំទូលាយ ស្វាហាប់ ហ្មត់ចត់ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំដោយប្រកាន់យកអភិក្រម «ការសិក្សាពេញមួយជីវិត» ដើម្បីអាចបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងចូលរួមបំផុសទឹកចិត្តស្មារតីដល់យុវជនដទៃទៀតក៏ដូចជាសាធារណជន ឱ្យស្រលាញ់ជាតិមាតុភូមិ វប្បធម៌សន្តិភាព ការផ្សព្វផ្សាយអំពីអត្តសញ្ញាណជាតិ គុណតម្លៃជាតិ ការលើកស្ទួយសម្រស់កម្ពុជា និងកិត្យានុភាពជាតិ។
លើសពីនេះទៀត ឯកឧត្ដមក៏សូមបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងល្អជាមួយអង្គការយុវជន និងយុវជនបណ្តាប្រទេសនានាលើសកលលោកផងដែរ ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពសាកល៕