ចាប់ពីថ្ងៃ៣០ វិច្ឆិកាដល់ ៦ ធ្នូ កម្ពុជានឹងអាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូខាងមុខនេះ នៅតាមតំបន់មួយចំនួននៃប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ ។
តាមរយៈសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស នៅថ្ងៃទី២៩ វិច្ឆិកានេះ ក្រសួងធនធានទឹក បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ ។ បន្តពីថ្ងៃទី៣-៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាបរុញទូលពីសមុទ ចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន ។
ក្រសួងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាចមានភ្លៀងតិចតួច ។ បន្តពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។
ចំណែកតំបន់ខ្ពង់រាប ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាចមានភ្លៀងតិចតួច ។ បន្តពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ។
ដោយឡែកនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ៕