រដ្ឋមន្រ្តីក្រសួងរ៉ែ អញ្ជើញត្រួតពិនិត្យទីតាំងទីស្នាក់ការប្រចាំការ ត្រួតពិនិត្យការធ្វើអាជីវកម្មខ្សាច់ នាំចេញទៅក្រៅប្រទេស ក្នុងឃុំក្អមសំណរ ខេត្តកណ្តាល
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នាថ្ងៃទី២៨ វិច្ឆិកា បានអញ្ជើញទៅត្រួតពិនិត្យទីតាំងទីស្នាក់ការប្រចាំការត្រួតពិនិត្យការធ្វើអាជីវកម្មខ្សាច់នាំចេញទៅក្រៅប្រទេស ដែលស្ថិតក្នុងឃុំក្អមសំណរ ខេត្តកណ្តាល ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន សំដៅពង្រឹងប្រសិទ្ធភាពក្នុងការត្រួតពិនិត្យការធ្វើអាជីវកម្មខ្សាច់នាំចេញទៅក្រៅប្រទេស មានដូចតទៅ៖
១. មន្រ្តីប្រចាំការអន្តរក្រសួងទាំងអស់ រួមមានមន្រ្តីពីក្រសួងរ៉ែនិងថាមពល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមន្រ្តីពីមន្ទីរពាក់ព័ន្ធឱ្យបន្តពង្រឹងការត្រួតពិនិត្យការនាំខ្សាច់ចេញទៅក្រៅប្រទេសឱ្យបានគត់មត់
២. ពិនិត្យលើរបាយការណ៍របស់ក្រុមហ៊ុននាំខ្សាច់ចេញកន្លងមក ដើម្បីធានាអនុលោមភាពតាមគោលការណ៍ដែលបានអនុញ្ញាត និងបទដ្ឋានបច្ចេកទេសនានាពាក់ព័ន្ធនឹងទិដ្ឋភាពបរិស្ថាន សង្គម សេដ្ឋកិច្ច និងបទដ្ឋានបច្ចេកទេសផ្សេងៗ
៣. បន្តយកចិត្តទុកដាក់លើការនាំខ្សាច់ចេញនេះ ជៀសវាងមានការលួចដឹកខ្សាច់ចេញដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ
៤. សួរសុខទុក្ខមន្រ្តីដែលចុះប្រចាំការផ្ទាល់នៅទីនោះ និងទទួលយកបញ្ហាប្រឈមនានាដែលមាន និងបានថ្លែងអំណរគុណចំពោះក្រុមការងារដែលបានចំណាយពេលវេលា ដែលបានចុះមកប្រចាំការនៅទីតាំងនេះផ្ទាល់ផងដែរ ៕