អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឆ្លើយតបទៅនឹងការទាមទារឱ្យមានការដោះលែងជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ
ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមសង្គមស៊ីវិល បានធ្វើសេចក្ដីថ្លែងការណ៍ទាមទារឱ្យមានការដោះលែងជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ ដែលត្រូវបានចៅក្រមស៊ើបសួរឃុំខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ០១៣ ចុះថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២២ ដែលត្រូវបានចោទប្រកាន់តាមដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរលេខ ០១៩ អ.យ.ន ចុះថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ បានចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះ គឺបានបំពានលើកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មណ្ឌ បានចែងថា [ប្រសិនបើជនត្រូវចោទ បានគេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបាន]។។