ចុងភៅកម្ពុជាចំនួន ២៣រូប ទទួលបានការបណ្តុះបណ្តាលជំនាញចុងភៅម្ហូបបែបចិន ដោយផ្ទាល់នៅខេត្តសៀមរាប
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក លោក Lin Lin អគ្គនាយករងក្រសួងធនធានមនុស្ស និងសុវត្ថិភាពសង្គម នៃខេត្តហៃណាន សាធារណៈរដ្ឋប្រជាមានិតចិន លោក Yutong Lui អ្នកគ្រប់គ្រងកម្មវិធីភាពជាដៃគូរ ILO-China និងលោក Shi Lei ព្រឹទ្ធបុរសនៃមហាវិទ្យាល័យបច្ចេកទេសហៃខូវ ខេត្តហៃណាន បានអញ្ជើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញចុងភៅម្ហូបបែបចិនដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូរ ដោយមានសិក្ខាកាមសរុបចំនួន ២៣រូប ដែលកំពុងបម្រើការងារលើជំនាញឆុងភៅនៅក្នុងខេត្តសៀមរាប។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ជូនអង្គពីធីថាកម្មវិធីបណ្តុះបណ្តាលនេះបានបង្ហាញអំពី កិច្ចសហការយ៉ាងជិតស្និតរវាងក្រសួងទេសចរណ៍ និងអង្គការ ILO ដែលបានធ្វើការយ៉ាងល្អជាមួយគ្នាកន្លងមក ហើយមកដល់បច្ចុប្បន្នតាមរយៈគម្រោងភាពជាដៃគូរ ILO-China ក្រសួងទេសចរណ៍មានឱកាសពង្រីកទំនាក់ទំនង ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតជាមួយមហាវិទ្យាល័យបច្ចេកទេសនៃទីក្រុងហៃខូវ ប្រទេសចិន ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍នៅខេត្តសៀមរាប រួមមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ស្ពូន សាលាសណ្ឋាគារ សាលាបាយ សាលាសណ្ឋារនិងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ Feeding Dream ហើយការរួបរួមគ្នាដោយយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធនេះ នឹងចូលរួមចំណេកក្នុងការលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជានិយាយជារួម និងសម្រាប់ជំនាញចុងភៅ និយាយដោយឡែក។
លោក Yutong Lui អ្នកគ្រប់គ្រងកម្មវិធីភាពជាដៃគូរ ILO-China បានថ្លែងថាអង្គការ ILO ដែលតែងយកចិត្តទុកដាក់ដល់ការលើកម្ពស់ជំនាញ និងផ្តល់ឱកាសការងារសមរម្យដល់យុវជន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជិវៈក្នុងទម្រង់ Up-Skilling ឬ Re-Skilling ហើយកន្លងមកអង្គការ ILO បានគាំទ្រមកកាន់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា សម្រាប់គម្រោងបណ្តុះបណ្តាល និងស្តារជំនាញក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយបានផ្តល់ការបណ្តុះបណ្តាលអ្នកជំនាញចំនួន ១៦០រូប ក្នុងផ្នែសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍សម្រាប់ខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យចាប់ខែមករា ឆ្នាំ២០២៣ខាងមុខ លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ សម្រាប់សិក្ខាកាមចំនួន ៦៧៥រូប។
លោក Shi Lei ព្រឹទ្ធបុរសនៃមហាវិទ្យាល័យបច្ចេកទេសហៃខូវ ខេត្តហៃណាន បានគូសបញ្ជាក់ថាតាមរយៈកម្មវិធីភាពជាដៃគូរ ILO-China មហាវិទ្យាល័យបច្ចេកទេសហៃខូវ ខេត្តហៃណាន បានចាត់បញ្ជូនគ្រូជំនាញចុងភៅម្ហូបបែបចិនរបស់ខ្លួន ដើម្បីចែករំលែក និងផ្តល់នូវការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាមលើម្ហូបបែបចិនរសជាតិដើមចំនួន ៣មុខ រួមមាន៖ បាយមាន់ហៃណាន ត្រីចៀនជូរអែម និងបង្ហាឆា ដែលវគ្គបណ្តុះបណ្តាលនេះទេ នឹងផ្តល់នូវពុទ្ធិថ្មីបន្ថែមទៀតពីវប្បធម៌ និងវិធីសាស្ត្រពិតប្រាកដនៃការចម្អិនម្ហូបខេត្តហៃណាន ដែលមានប្រវត្តិយូរលង់ណាស់មកហើយដល់ចុងភៅកម្ពុជា។
លោក Lin Lin អគ្គនាយករងក្រសួងធនធានមនុស្ស និងសុវត្ថិភាពសង្គមនៃខេត្តហៃណាន សាធារណៈរដ្ឋប្រជាមានិតចិន បានគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលអនុវត្តគម្រោងដោយកម្មវិធីភាពជាដៃគូរ ILO-China សំដៅពង្រឹងកិច្ចសហការជាពិសេសលើការពង្រឹងជំនាញវិជ្ជាជីវៈ ដែលជាមុំដ៏សំខាន់របស់គោលដៅប្រកបដោយនិរន្តរភាព (Sustainable Development Goal) ទី ៨ ផ្តោតលើកំណើនសេដ្ឋកិច្ច និងការងារសមរម្យ (Decent Work and Economic Development)។
កម្មវិធីនេះ ក៏ត្រូវនឹងកាលៈទេសៈបច្ចុប្បន្នសម្រាប់ស្តារឡើងវិញនូវជំនាញវិជ្ជាជីវៈក្រោយវិបន្តិជំងឺកូវី-១៩ សំដៅជំរុញបង្កើតឱកាសការងារ និងផលិតភាពការងារក្នុងសកលភាវូបនីយកម្មសេដ្ឋកិច្ចពិភពលោក និងភាពធននឹងវិបត្តិនៃកក្តាវិបត្តិជាសកលនានាដែលកំពុងកើតមានផងដែរ។
លោកបានជំរុញឲ្យកម្មវិធីភាពជាដៃគូរ ILO-China នឹងបន្តគាំទ្រដល់កម្ពុជាតាមរយៈការពង្រីកទំនាក់ទំនងវិជ្ជាជីវៈមិនត្រឹមតែជាមួយមហាវិទ្យាល័យបច្ចេកទេសហៃខូវ ខេត្តហៃណាន ប៉ុន្តែជាមួយស្ថាប័ន បណ្តុះបណ្តាល ឬសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដ៏ទៃទៀត ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ដ៏ល្អឯករបស់ប្រទេសទាំងពីរ ការផ្លាស់ប្តូរកម្មវិធី កម្មវិធីហ្វឹកហាត់ការងារ និងការអភិវឌ្ឍន៍ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលយើងអាចនិយាយបានថា “ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ជារូបិយបណ្ណសកល (TVET is the Global Currency)៕