ផឹកស្រាជាមួយអ៊ុំ លុះដល់ពេលស្រវឹងទាស់ពាក្យសម្តីគ្នា ស្ទុះទៅយកកូនកាំបិតកាប់លើអ៊ុំចំនួន ៣កាំបិត
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៧ និង២៥នាទី មានករណីក្មួយប្រុសផឹកស៊ី ស្រវឹង ទាស់សម្តីជាមួយអ៊ុំប្រុស យកកូនកាំបិត កាប់មកលើអ៊ុំប្រុសចំនួន ០៣កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ៣៥ឆ្នាំ ស្ថិតនៅភូមិសំរោង ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
យោងតាមការរៀបរាប់របស់ជនសង្ស័យឈ្មោះ ឆន សៅ បានឲ្យដឹងថា ៖ មុនពេលកើតហេតុ លោក និងបងថ្លៃឈ្មោះ វ៉ាន់ ធី ព្រមទាំងអ៊ុំប្រុសឈ្មោះ ភេ រំ បានផឹកស្រាជាមួយគ្នា លុះផឹកស៊ីបានយូរបន្តិច ខ្លួនក៏បានផឹកស្រាស្រវឹង និងបានទាស់ពាក្យសម្តី ជាមួយអ៊ុំរបស់ខ្លួនដែលបានផឹកជាមួយគ្នា នឹងបានស្ទុះ ទៅយកកូនកាំបិតដែលសៀតនៅជញ្ជាំងផ្ទះបាយ មកកាប់លើជនរងគ្រោះចំនួន៣កាំបិត ចំក្បាល ចំនួន០២កាំបិត និងចំកដៃឆ្វេង ចំនួន១កាំបិត ។
លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ៖ ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋអំពីករណីហិង្សាដោយចេតនា នៅចំណុចខាងលើ កម្លាំងប៉ុស្តិ៍បឹងបត់កណ្តោលចំនួន ០៣នាក់ បានចុះអន្តរាគមន៍ និងធ្វើការបង្ក្រាប ដោយឃាត់ខ្លួនជនបង្កឈ្មោះ ឆន សៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោល ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។
ចំពោះជនរងគ្រោះឈ្មោះ ភេ រំ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំខាងលើ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន៕