ឯកឧត្តម គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរវាងគណៈប្រតិភូក្រសួងយុត្តិធម៌ និងគណៈប្រតិភូក្រសួងសេដ្ឋកិច្ច ស្តីពីវឌ្ឍនភាពការងារ នៃការអភិវឌ្ឍប្រព័ន្ធស្នើសុំ ព្រឹត្តិបត្រថ្កោលទោសឌីជីថល របស់ក្រសួងយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈប្រតិភូក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ អមដោយក្រុមអ្នកជំទាញបច្ចេកទេសព័ត៌មានវិទ្យា និងគណៈប្រតិភូក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីវឌ្ឍនភាពការងារ នៃការអភិវឌ្ឍប្រព័ន្ធស្នើសុំព្រឹត្តិបត្រថ្កោលទោសឌីជីថលរបស់ក្រសួងយុត្តិធម៌ ។
ឯកឧត្តម គឹម សន្តិភាព បានមានប្រសាសន៍ថា ក្រសួងយុត្តិធម៌ បានផ្តួចផ្តើមគំនិត និងរៀបចំគម្រោងការដើម្បីអភិវឌ្ឍប្រព័ន្ធស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមឌីជីថល ដែលរហូតមកដល់ពេលនេះ ក្រសួងយុត្តិធម៌ បានសម្រេចតាមផែនការដែលបានគ្រោងទុក ហើយនឹងដាក់ឱ្យដំណើរការសាកល្បងលើគម្រោងនេះ នាពេលខាងមុខ ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ ម៉ារី ប្រធានគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតគម្រោងចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx) ដែលគម្រោងនេះ អាចផ្លាស់ប្តូរទិន្នន័យទៅក្រសួងស្ថាប័នផ្សេងៗបាន ។
នៅទីបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម គឹម សន្តិភាព បានស្វាគមន៍ និងរីករាយជានិច្ចក្នុងការសហការការដើម្បីអភិវឌ្ឍប្រព័ន្ធស្នើសុំព្រឹត្តិបត្រថ្កោលទោសឌីជីថលរបស់ក្រសួងយុត្តិធម៌ ភ្ជាប់ជាមួយប្រព័ន្ធCamDx តាមជំហ៊ានៗដែលអាចធ្វើបាន និងស្នើអោយក្រុមការងារបច្ចេកទេសទាំងពីរបន្តសិក្សាបន្ថែមលើគម្រោងនេះ ៕