រដ្ឋបាលខេត្តកែប បានរៀបចំពិធីប្រកាសផ្សព្វផ្សាយផលិតផលក្នុងស្រុកសរុប(GDP) និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI)សម្រាប់ខេត្ត
ភ្នំពេញ៖ ក្រសួងផែនការ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានសហការជាមួយមន្ទីរផែនការខេត្តក្រោមការសម្រសម្រួលដោយ រដ្ឋបាលខេត្តកែប បានរៀបចំពិធីប្រកាសផ្សព្វផ្សាយផលិតផលក្នុងស្រុកសរុប(GDP) និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI)សម្រាប់ខេត្ត ក្រោមអធិបតីភាពឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងផែនការ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ព្រមជាមួយនេះ ក៏បានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក និងមន្រ្តីជំនាញពាក់េព័ន្ធជុំវិញខេត្តសរុបប្រមាណ៧៥រូបផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា លទ្ធផលផលិតផលក្នុងស្រុកសរុប(GDP) និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI)សម្រាប់ខេត្ត គឺមានសារសំខាន់ណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍ និងវាយតម្លៃពីការរីកចម្រើនសេដ្ឋកិច្ចខេត្ត។ តាមរយៈទិន្នន័យនេះ យើងនឹងដឹងពីទំហំសេដ្ឋកិច្ចរបស់ខេត្ត ចំណូលជាមធ្យមរបស់មនុស្សម្នាក់ៗ អត្រាអតិផរណាក្នុងខេត្ត និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ផ្សេងៗ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តឱ្យទទួលបានលទ្ធផលល្អប្រសើរ និងចំគោលដៅ។
ឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ខេត្តកែបជាខេត្តមួយដែលមានសក្ដានុពលលើវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសិប្បកម្ម ដែលធ្វើឲ្យខេត្តមានការរីកចំរើន និងការអភិវឌ្ឍន៍។
លទ្ធផលនៃការគណនា បង្ហាញថាទំហំសេដ្ឋកិច្ចខេត្ត មានប្រមាណ ២១៨,៥៣២ លានរៀល គិតជាដុល្លាប្រហែល៥៤ លានដុល្លា បើគិតតាមថ្លៃបច្ចុប្បន្ន នៅឆ្នាំ២០២១ ស្មើ ០.២% នៃសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចខេត្ត មានកំណើន ០.៣% នៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ចំណូលសម្រាប់មនុស្សម្នាក់ ១,២០៦$ នៅឆ្នាំ២០២១ និង ១,២១៨$ នៅឆ្នាំ២០២០៕