ឯកឧត្តម លុយ ដាវីត អញ្ជើញបើកសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ»
ភ្នំពេញ៖ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ» ។
ក្នុងឱកាសនោះតាមនាមឱ្យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្ដមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាប្រធាន ឬតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) នៅកម្ពុជា ដែលបានដែលបានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» (ហៅកាត់ថា ច្បាប់ PF) នារសៀលថ្ងៃនេះ។
ឆ្លៀតឱកាសនេះ ឯកឧត្ដមបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានរៀបចំសិក្ខាសាលានៅថ្ងៃនេះ។
ដោយស្ថានភាពកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាល ទើបថ្ងៃនេះ យើងអាចធ្វើកម្មវិធីសិក្ខាសាលានា ពេលនេះដោយផ្ទាល់បាន បន្ទាប់ពីបានជួបគ្នានៅក្នុង កិច្ចប្រជុំពិភាក្សាយោបល់កាលពីខែកញ្ញា ឆ្នាំ២០២០។ ទន្ទឹមនឹងការជួបផ្ទាល់ ក្រសួងការបរទេសក៏បានរៀបចំ សិក្ខាសាលាអំពី ច្បាប់ PF នេះ តាមទម្រង់អនឡាញ ចំនួន ៣ លើក នៅក្នុងឆ្នាំ២០២២ (កាលពីខែមីនា ខែមេសា និងខែមិថុនា)។
អាស្រ័យហេតុនេះ ឯកឧត្ដម លុយ ដាវីត ជឿជាក់ថា សិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅទីនេះ ភាគច្រើនសុទ្ធតែធ្លាប់បានចូលរួម ក្នុងសិក្ខាសាលាចែករំលែកពាក់ព័ន្ធ នឹងច្បាប់ខាងលើ យ៉ាងតិចណាស់មួយដង ហើយក៏បានយល់ដឹងពីច្បាប់នេះ មិនថាតិចក្តី-ច្រើនក្តី។
ដោយឡែក សិក្ខាកាមមួយចំនួនទៀត ដែលពុំធ្លាប់ចូលរួមក្នុងសិក្ខាសាលា របស់ក្រសួងការបរទេស ប្រហែលជាពុំទាន់បានដឹង ឬយល់ច្បាស់អំពីប្រធានបទខាងលើឡើយ។ ស្របគ្នានេះដែរ ដោយសារកន្លងមក សិក្ខាសាលាស្តីពីច្បាប់ PF នេះ យើងធ្វើជាខេមភាសាសុទ្ធ ទើបអាចបង្កជាផលវិបាកដល់សិក្ខាកាម ដែលជាបុគ្គលិកបរទេស។ នេះជាមូលហេតុមួយ ដែលញ៉ាំងឱ្យក្រសួងការបរទេសសម្រេច រៀបចំសិក្ខាសាលាអំពីច្បាប់ PF និង Guideline នេះម្តងទៀត (ជាលើកទី៥) ក្នុងទម្រង់ផ្ទាល់ និងប្រើប្រាស់អ្នកបកប្រែ ដើម្បីធានាថា FNGOs ទាំងអស់នៅកម្ពុជា នឹងទទួលបានចំណេះដឹងអំពីប្រធានបទនេះគ្រប់គ្រាន់ និងអាចអនុវត្តកាតព្វកិច្ចខ្លួនបានខ្ជាប់ខ្ជួន និងកាន់តែល្អប្រសើរ។
ដោយច្បាប់ PF មានសារសំខាន់ ឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានារសៀលនេះ នឹងផ្តល់ចំណេះដឹងគ្រប់គ្រាន់សម្រាប់សិក្ខាកាម ទាំងជនជាតិខ្មែរ និងបរទេស៖ ១) ឱ្យយល់កាន់តែច្បាស់អំពីកាតព្វកិច្ចរបស់បុគ្គលិក FNGOs ក្នុងការសហការផ្តល់ព័ត៌មាន និងអនុវត្តតាមច្បាប់ PF និង Guidelines និង ២) ធានានូវការចូលរួមធ្វើយុទ្ធនាការ ក្នុងការបំពេញការអនុវត្តលទ្ធផលជាក់ស្តែងទី១១ (IO11) ឱ្យបានចប់សព្វគ្រប់តាមផែនការសកម្មភាព ដែលជាសកម្មភាពមួយក្នុងការរួមចំណែកដកកម្ពុជាចេញពីបញ្ជីប្រផេះ។ អាស្រ័យហេតុនេះ ក្រសួងបានផ្តល់ការបកប្រែរវាងភាសាខ្មែរ និងអង់គ្លេស សម្រាប់សិក្ខាកាមទាំងអស់។
ដូចដែលសិក្ខាកាមទាំងអស់បានដឹងរួចមកហើយ ការរីកសាយភាយនៃអាវុធមហាប្រល័យ គឺជាការគំរាមកំហែងដល់សន្ដិសុខពិភពលោក ដែលបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិទាំងមូល។ ដើម្បីរួមចំណែកទប់ស្កាត់ និងដោះស្រាយបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានចេញសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលតម្រូវឱ្យរដ្ឋដែលជាសមាជិក អ.ស.ប. ទាំងអស់ អនុវត្ត។
ជាក់ស្តែង គិតត្រឹមឆ្នាំ២០២២ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានអនុម័តសេចក្តីសម្រេចចិត្ត ចំនួន ០៥ ពាក់ព័ន្ធនឹងការហាមឃាត់ការផ្តល់ហិរញ្ញប្បទាន ដល់តួអង្គមិនមែនរដ្ឋ (non-state actors) ក្នុងការអនុវត្តសកម្មភាពដែលធ្វើឱ្យមាន ការរីកសាយភាយអាវុធមហាប្រល័យ និងតម្រូវឱ្យប្រទេសសមាជិក បង្កើត អភិវឌ្ឍ ពិនិត្យ និងរក្សាការត្រួតពិនិត្យ ឬរិតបន្តឹង លើការផ្តល់មូលនិធិ និងសេវាកម្មពាក់ព័ន្ធនឹងការនាំចេញ និងការដឹកជញ្ជូនទំនិញដែលអាច រួមចំណែកដល់ការរីកសាយភាយអាវុធមហាប្រល័យ។ លើសពីនេះ អ.ស.ប.ក៏បានអនុម័តសេចក្តីសម្រេចចិត្តចំនួន ១០ទៀត ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទៅលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ប្រទេសកូរ៉េខាងជើង) និងប្រទេសអ៊ីរ៉ង់។
ក្រៅពីអ.ស.ប. ក៏មានស្ថាប័នដទៃទៀត ដែលត្រួតពិនិត្យលើការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. របស់រដ្ឋសមាជិកផងដែរ។ ឧទាហរណ៍ ដូចជាក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ (ឬហៅកាត់ថា FATF -Financial Action Task Force on Money Laundering)។